(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើដោយផ្ទាល់ទៅកាន់គណៈកម្មការអឺរ៉ុប ឱ្យពិនិត្យឡើងវិញលើការដាក់ទណ្ឌកម្មប្រទេសរុស្ស៉ី ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានលើកច្រើនសារតាមវេទិកានានាពីផលលំបាកនៃការដាក់ទណ្ឌលើប្រទេសរុស្ស៉ី។ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានលើកជាថ្មីម្តងទៀត ហើយលើកដោយត្រង់តែម្តងទៅកាន់លោក ចូសិប បូររែល ហ្វុនតេលលេស តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងសន្តិសុខ នយោបាយ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន និងលោក ចូសិប បូររែល ហ្វុនតេលលេស បានលើកឡើងពីបញ្ហារបស់រុស្ស៉ី និងអ៊ុយក្រែន។
ឆ្លើយតបទៅនឹងបញ្ហានេះ សម្តេចតេជោ បានស្នើឱ្យមានការពិនិត្យឡើងវិញអំពីការដាក់ទណ្ឌកម្មរុស្ស៉ី ព្រោះថាការដាក់ទណ្ឌកម្មនេះ មិនមែនប៉ះពាល់តែរុស្ស៉ីទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទាំងសេដ្ឋកិច្ច និងសង្គម ទាំងនៅអឺរ៉ុប និងទូទាំងពិភពលោកផងដែរ។
សូមបញ្ជាក់ថា ប្រទេសរុស្ស៉ី បានចាប់ផ្តើមបើកការវាយលុកចូលប្រទេសអ៊ុយក្រែន កាលពីកុម្ភៈ ឆ្នាំ២០២២។ ជាការឆ្លើយតបនឹងប្រតិបត្តិការកងទ័ពក្នុងប្រទេសអ៊ុយក្រែននេះ ប្រទេសក្នុងតំបន់អឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិផង បានសម្រេចរួមគ្នាដាក់ចេញវិធានការទណ្ឌកម្មលើប្រទេសរុស្ស៉ី។
តែវិធានការទណ្ឌកម្មនេះ ក៏បានជះឥទ្ធិពលអាក្រក់លើផ្នែកសេដ្ឋកិច្ចដល់ប្រទេសនានានៅលើពិភពលោកផងដែរ៕