(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបពិភាក្សាការងារជាមួយ លោក Khalifa Bin Ali Alharthy អនុរដ្ឋមន្ត្រីក្រសួងការបរទេសទទួលបន្ទុកកិច្ចការទូត នៃប្រទេសអូម៉ង់ ក្នុងឱកាសដែលលោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា។
ក្នុងជំនួបនៅការិយាល័យរបស់ លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ដោយលោកបានសម្ដែងនូវការរីករាយ និងរំភើប ដែលមានជំនួបពិភាក្សាការងារ ក្នុងគោលបំណងដើម្បីពង្រឹងនូវទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរថែមទៀត។ លោកបណ្ឌិត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអូម៉ង់ ដែលកន្លងមកបានផ្ដល់ជំនួយមនុស្សធម៍ ដល់សហគមន៍ឥស្លាមកម្ពុជា។
រដ្ឋាភិបាលអូម៉ង់ ក៏ធ្លាប់បានជួយសម្របសម្រួលដល់និស្សិតកម្ពុជា ដែលបានជាប់ក្នុងបណ្ដាប្រទេសជិតខាង នៃប្រទេសអូម៉ង់ ដោយសារសង្គ្រាមឲ្យមកដល់មាតុភូមិវិញ ដោយក្នុងនោះមាន១៦នាក់ ជាប់គាំងនៅប្រទេសយេម៉ែន កាលពីឆ្នាំ២០១៥។
ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ក៏បានលើកឡើងពីសុខដុមរមនាកម្មនៃកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិបានបើកទូលាយលើគោលនយោបាយ សេរីភាព សុខសន្តិភាព សម្រាប់ប្រជាពលរដ្ឋគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ និងសាសនា ជាហេតុដែលកម្ពុជា មានការរីកចម្រើន និងមានការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបណ្ឌិត បានលើកនូវសមិទ្ធផលដែលសហគមន៍ឥស្លាមកម្ពុជា ទទួលបានពីរាជរដ្ឋាភិបាលកម្ពុជា ដោយសហគមន៍ឥស្លាមមានសិទ្ធិពេញលេញក្នុងការរស់នៅ និងសិទ្ធិប្រតិបត្តិសាសនា។ លើសពីនោះទៀតនោះ សហគមន៍ឥស្លាមកម្ពុជា ក៏មានឱកាសចូលរួមបម្រើការងារជួររាជរដ្ឋាភិបាល ជាច្រើនរូបផងដែរ។ ក្នុងនាមជាបេសកជនពិសេសរបស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) ប្រចាំនៅកម្ពុជា លោក អូស្មាន ហាស្សាន់ ក៏បានស្នើដល់រដ្ឋាភិបាលអូម៉ង់ សូមឲ្យបន្តជួយសម្របសម្រួលដល់កម្ពុជា ដើម្បីឲ្យក្លាយជាសមាជិកសង្កេតការណ៍ នៃអង្គការនេះ ឲ្យបានឆាប់តាមដែលអាចធ្វើបាន។
ជាកិច្ចឆ្លើយតប លោក Khalifa Bin Ali Alharthy ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំពុងធ្វើសុខដុមណីកម្មជាតិសាសន៍ និងដឹកនាំប្រទេសទទួលបានការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកក៏បានកោតសរសើរចំពោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំឲ្យមានសុខសន្តិភាព គ្មានអំពើហិង្សា និងគ្មានការរើសអើង។
លោកបន្ដថា ក្រៅពីការពង្រឹងទំនាក់ទំនងទ្វេរភាគី លើគ្រប់វិស័យ ក្នុងនាមលោកតំណាងឲ្យរាជរដ្ឋាភិបាលប្រទេសអូម៉ង់ សូមស្វាគមន៍ និងបន្តជួយជ្រោមជ្រែង ទៅលើវិស័យមនុស្សធម៌ និងវិស័យអប់រំ ជាពិសេសសហគមន៍ ឥស្លាមនៅកម្ពុជា។ លោកក៏បានបញ្ជាក់ផងដែរថា អូម៉ង់ និងកម្ពុជា អាចធ្វើការសហការគ្នាលើវិស័យវប្បធម៌ បេតិកភ័ណ្ឌនានានៃប្រទេសទាំងពីរ ដែលជាផ្នែកមួយជំរុញឲ្យវិស័យទេសចរណ៍មានការរីកចម្រើន។
ជាចុងក្រោយ លោកបានបញ្ជាក់ថា លោកនឹងនាំនូវសំណើនានា ជូនរដ្ឋាភិបាលអូម៉ង់ដើម្បីជ្រាប សំដៅពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ និងល្អប្រសើរ បន្ថែមទៀត៕