(ភ្នំពេញ)៖ លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន តាមរយៈបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២នេះ បានឆ្លើយតបចំនួន៦ចំណុច ពាក់ព័ន្ធនឹងរបាយការណ៍ របស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មាននៅក្នុងកម្ពុជា។
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ដូចខាងក្រោម៖
ទី១៖ លោកយល់ឃើញថា របាយការណ៍នេះ ពុំមានអ្វីប្លែក និងពុំមែនជារឿងថ្មី ដែលត្រូវយកចិត្តទុកដាក់ខ្លាំងពេកនោះទេ ព្រោះក្រុមអ្នកសរសេររបាយការណ៍នេះ ពួកគាត់ប្រមូលព័ត៌មានតែម្ខាង ឬពីមនុស្សមួយក្រុមតូចប៉ុណ្ណោះ ហើយយកមកធ្វើការសន្និដ្ឋាន និងវាយតម្លៃអំពីសេរីភាពសារព័ត៌មាននៅកម្ពុជា ថាត្រូវបានវាយប្រហារ រឹតត្បិត គំរាមកំហែង ឬជ្រៀតជ្រែកជាដើមនោះ ជារឿងមិនត្រឹមនោះឡើយ។ ការសរសេររបាយការណ៍មួយគួរប្រមូលព័ត៌មានឱ្យបានច្រើន និងគ្រប់ជ្រុងជ្រោយ។ កន្លងមកទោះបីជាមានការពន្យល់បកស្រាយបំភ្លឺជាច្រើនលើកច្រើនសាររួចមកហើយរបស់ក្រសួងព័ត៌មាន និងក្រសួង-ស្ថាប័នពាក់ព័ន្ធទៅនឹងការលើកឡើងក្នុងរបាយការណ៍នេះក៏ដោយ ក៏ក្រុមអ្នកសរសេររបាយការណ៍នេះមិនបានយកទៅធ្វើការសិក្សាស្រាវជ្រាវ និងពិចារណាលើការពន្យល់បកស្រាយ បំភ្លឺរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធឡើយ។ ចំណុចនេះ បញ្ជាក់បានថាការសរសេររបាយការណ៍នេះ គឺសរសេរទៅតាមអ្វីដែលពួកគេចង់បានតែប៉ុណ្ណោះ។
ទី២៖ សូមបញ្ជាក់ជូនផងដែរថា សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយនៅកម្ពុជា ត្រូវបានធានា និងអនុវត្តយ៉ាងពេញលេញដោយច្បាប់របបសារព័ត៌មានច្បាប់ និងលិខិតបទដ្ឋាននានា ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រ។ ផ្អែកលើច្បាប់ដែលមា នជាធរមាន អ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន អាចបំពេញតួនាទី ភារកិច្ចរបស់ពួកគេយ៉ាងពេញលេញគ្រប់ពេលវេលា និងគ្រប់ទីកន្លែងទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះទៅស្វែងរកព័ត៌មាន និងរាយការណ៍ព័ត៌មានដែលពួកគេទទួលបានពីប្រភពនានា។ បន្ថែមពីនេះ អ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ទទួលបាននូវការផ្តល់តម្លៃ និងសិទ្ធិសេរីភាព ដោយស្មើភាពគ្នា តាមផ្លូវគ្មានការរើសអើងប្រកាន់និន្នាការនយោបាយ ឬទស្សនផ្ទុយនោះឡើយ។
ព្រមជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា មានអង្គការសារព័ត៌មានជាតិ និងបរទេសប្រកបដោយភាពចម្រុះ និងគ្រប់ទស្សនប្រមាណ ២១១៧អង្គភាព ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន និងមានអ្នកសារព័ត៌មានជាតិ និងបរទេសប្រមាណជា ៦,០០០នាក់ កំពុងបំពេញតួនាទី ភារកិច្ចយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយព័ត៌មាន ព្រឹត្តិការណ៍ ហេតុការណ៍ដែលបានកើតឡើងជូនសាធារណជនទូទៅទាំងក្នុង និងក្រៅប្រទេសបានយ៉ាងទូលំទូលាយ និងសម្បូរបែបគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ដូច្នេះស្ថានភាពសេរីភាពសារព័ត៌មាន នៅកម្ពុជា មានការវិវឌ្ឍរីកចម្រើនជាលំដាប់ មិនមែនមានស្ថានភាពខ្មៅងងឹត ដូចអ្វីដែលបានសរសេរ ក្នុងរបាយការណ៍នេះឡើយ។
ទី៣៖ នៅកម្ពុជា ក៏មិនខុសប្លែកពីបណ្តាប្រទេសនានាដែរ ការកសាងច្បាប់ និងលិខិតបទដ្ឋាននានា គឺក្នុងគោលបំណងធានានូវការបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិ សំដៅធានាបាននូវគោលការណ៍នីតិរដ្ឋ ក្នុងសង្គមប្រជាធិបតេយ្យ។ ដូច្នេះ រាល់ការកសាងច្បាប់ និងលិខិតបទដ្ឋាននានា ពុំអាចចាត់ទុកថាជាឧបករណ៍ក្នុងការបំបិតសិទ្ធិសេរីភាព ឬរឹតត្បិតសិទ្ធិសេរីភាព នៃការបញ្ចេញ មតិ ឬសេរីភាពសារព័ត៌មាននោះទេ។
ជាក់ស្ដែងច្បាប់កូវីដ១៩ គឺសំដៅធានាការពារសុខភាពសាធារណៈ របស់ប្រជាជនកម្ពុជាទាំងមូល គឺមិនមែនដើម្បីអ្នកណាម្នាក់ ឬក្រុមណាមួយនោះទេ។ លិខិតបទដ្ឋានផ្សេង ដូចជាប្រកាសអន្តរក្រសួងលេខ១៧០ គឺដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត និងអនុក្រឹត្យស្តីពីច្រកទ្វារអ៉ីនធឺណិត គឺដើម្បីគ្រប់គ្រងការប្រមូលពន្ធជូនរដ្ឋ និងការពារការឆបោកតាមអនឡាញការផ្សព្វផ្សាយ រូបភាពអាសអាភាសជាដើម ដែលទាំងអស់នេះគឺសុទ្ធតែដើម្បីការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសជាតិទាំងមូល។
ទី៤៖ ផ្អែកតាមច្បាប់របបសារព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចែងអំពីការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌរបស់អ្នកសារព័ត៌មាន ឬអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដែរ ហើយអ្វីដែលមានចែងក្នុងច្បាប់កម្ពុជានេះ ក៏ពុំមែនជាករណីដោយឡែកពីបណ្តាប្រទេសដទៃនោះដែរ។ ក្នុងន័យនេះ ប្រសិនបើអ្នកសារព័ត៌មាន ឬអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ប្រព្រឹត្តិខុសច្បាប់ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរកឃើញនូវទោសកំហុស ដែលពួកគេបានប្រព្រឹត្តិពួកគេ ត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន ហើយការអនុវត្តទោសកំហុសទៅតាមនីតិវិធីច្បាប់ ពុំមែនជាការគំរាមកំហែង ឬបំបិតសិទ្ធិសេរីភាពដល់អ្នកសារព័ត៌មាន ឬអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននោះឡើយ។
ទី៥៖ តាមការសង្កេតរបស់ក្រសួងព័ត៌មាន បច្ចុប្បន្ននេះ ចំនួនស្ត្រីដែលជាអ្នកសារព័ត៌មាន និងធ្វើការពាក់ព័ន្ធនឹងវិស័យព័ត៌មាន មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបង្ហាញពីការទទួលស្គាល់នូវសិទ្ធិស្មើគ្នារវាងស្ត្រី និងបរុសបំពេញការងារទៅវិជ្ជាជីវៈ និងសមត្ថភាព។ កន្លងមក មានការលើកឡើងមួយចំនួន អំពីការបៀតបៀនរាងកាយ ឬផ្លូវភេទ ឬហិង្សាលើស្ត្រីជាអ្នកសារព័ត៌មាន ប៉ុន្តែក្រសួងព័ត៌មានពុំដែលបានទទួលនូវការស្នើសុំជួយអន្តរគមន៍ ឬជំនួយផ្លូវច្បាប់ ឬពាក្យបណ្តឹងពីស្ត្រីអ្នកសារព័ត៌មាន ដែលបានទទួលរងពីអំពេីខាងលេីនោះឡេីយ។ ក្នុងករណីមានអំពើដូចការលេីកឡេីងនេះ ក្រសួងព័ត៌មាន គាំទ្រ និងលើកទឹកដល់ស្ត្រីអ្នកសារព័ត៌មាន មានភាពក្លាហានក្នុងការដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ចចំពោះបុគ្គលដែលបានប្រព្រឹត្តិអំពើខាងលេីមកលេីខ្លួន។
ក្រសួងស្វាគមន៍ចំពោះកិច្ចការសហការរបស់ជនរងគ្រោះ ភាគីពាក់ព័ន្ធ ជាពិសេស OHCHR សូមផ្ដល់ព័ត៌មាន ជាក់លាក់ចំពោះស្ត្រីអ្នកសារព័ត៌មាន ដែលរងគ្រោះដោយអំពេីខាងលេី មកក្រសួងព័ត៌មាន ឬផ្តល់ទៅអាជ្ញាធរមានសមត្ថកិច្ច ដេីម្បីអនុវត្តទៅតាមនីតិវិធីច្បាប់ ដេីម្បីការពារ និងរកយុត្តិធម៌ជូនជនរងគ្រោះ។ ប៉ុន្តែ បើគ្មានការបញ្ជាក់ជាក់ស្តែងទេ ក្រសួងព័ត៌មាន សូមច្រានចោល និងថ្កោលទោសចំពោះអំណះអំណាងបែបនេះ ថាមានចរិតនយោបាយពិសពុលសម្តៅបន្ទាបបន្ថោកដល់រាជរដ្ឋាភិបាលកម្ពុជា។
ទី៦៖ ក្នុងអំឡុងពេលនៃដំណើរការនៃបោះឆ្នោត អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន អាចបំពេញការងាររបស់ពួកគេដោយ សេរីក្នុងការផ្សព្វផ្សាយព័ត៌មាននានា ពាក់ព័ន្ធនឹងការបោះឆ្នោតទៅសាធារណជន ដោយគោរពទៅតាមច្បាប់ និងគោលការណ៍ណែនាំនានាពាក់ព័ន្ធនឹងការបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា។ ហេីយកន្លងមកក្រសួងព័ត៌មាន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តែងតែបានរៀបរៀបចំនូវកម្មវិធីស្មើភាព ចំពោះគណបក្សនយោបាយនានា ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនីមួយៗ ដោយកម្មវិធីនេះ ត្រូវបានចាក់ផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយជាតិទាំងអស់ ដែលមានវិសាលភាពគ្រប់ ដណ្ដប់ទូទាំងប្រទេស ដែលអនុញ្ញាតឱ្យគណបក្សនយោបាយនីមួយៗ បានផ្សព្វផ្សាយកម្មវិធីនយោបាយរបស់ខ្លួន ទៅដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោតពិនិត្យពិចារណា ដេីម្បីធ្វើការសម្រេចចិត្តទៅលើគណបក្សដែលពួកគាត់ពេញចិត្ត៕