(បារាំង)៖ រហូតមកដល់ថ្ងៃសៅរ៍នេះ នាវាសង្គ្រោះរបស់ប្រទេសបារាំងនៅតែបន្ត បំពេញប្រតិបត្តិការ រុករកយន្តហោះអេហ្ស៊ីប EgyptAir Flight 804 ដែលត្រូវបានគេជឿជាក់ថាបានធ្លាក់ នៅក្នុងសមុទ្រ មេឌីទែរ៉ាណេ ក្បែរកោះមួយរបស់ប្រទេសក្រិក ហើយដែលវត្ថុសំខាន់នោះគឺប្រអប់ខ្មៅ។ នេះបើតាមការចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មានបារាំង នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៦។
ជាក់ស្តែងបារាំង ដែលបានបញ្ជាឧបករណ៍ចាប់សញ្ញាប្រអប់ខ្មៅនោះ នៅមិនទាន់អាចរកឃើញអ្វីជាដុំ កំភួននៅឡើយទេ រហូតមកដល់យប់ថ្ងៃសុក្រ ហើយវាក៏ជារឿងមួយដ៏លំបាកផងដែរ ស្របពេលដែលតំបន់ដែលគេបានធ្វើការកំណត់សម្រាប់ការរុករក ពីក្រុមជំនាញមកពី ប្រទេសជាច្រើននោះត្រូវ បានបន្ថយមកនៅប្រវែង ៥គីឡូម៉ែត្រវិញ។
សរុបជារួមមកដល់ថ្ងៃសៅរ៍នេះ ក្រៅពីកម្ទេចកម្ទីបន្តិចបន្តួច ដូចជាអីវ៉ាន់អ្នកដំណើរ និងបំណែកតូចៗ ដែលគេជឿជាក់ថា បានមកពីយន្តហោះដែរបានធ្លាក់នោះត្រូវបានរកឃើញ។ ដោយឡែកសាកសព ក៏ត្រូវបានស្រង់យកបានជាបណ្តើរៗហើយដែរ គ្រាន់តែសាកសពខ្លះមិនគ្រប់លក្ខណៈ និងមិនមានការអះអាងថា មានប៉ុន្មាននាក់ទៅហើយ ដែរត្រូវបានស្រង់នោះដែរ ព្រោះក្រុមជំនាញកំពុងពិនិត្យ អត្តសញ្ញាណ។
បន្ថែមពីនេះទៀត មូលហេតុពិតប្រាកដនៃការធ្លាក់យន្តហោះ ក៏មិនទាន់មានការអះអាងនៅឡើយ ហើយក៏គ្មានក្រុមសកម្មប្រយុទ្ធ ឬភេរវករណាមួយ ចេញមុខមកទទួលខុសត្រូវនោះដែរ៕