(បន្ទាយមានជ័យ)៖ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News បានចេញមកបញ្ជាក់ជូនថា សម្រាប់ស្ថានភាពទឹកនៅតាមបន្ទាត់ព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ មិនទាន់មានការគំរាមកំហែងនោះឡើយ ហើយទឹកដែលហូរធ្លាក់មកពីប្រទេសថៃក៏មិនទាន់មានផងដែរ។
ជាមួយគ្នានេះ មន្រ្តីជំនាញធនធានទឹក ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន សូមកុំទាន់មានការព្រួយបារម្ភចំពោះស្ថានភាពទឹកទាំងនេះ ហើយក្រសួង និងអាជ្ញាធរដែនដី បន្តរួមសហការគ្នាអន្តរាគមន៍ ជូនពួកគាត់នៅពេលស្ថានភាពទឹកមានការប្រែប្រួលខ្លាំងនោះ។
សម្រាប់ស្ថានភាពទឹកនៅតំបន់នោះ រដ្ឋមន្រ្តីក្រសួងធនធានទឹក លោក លឹម គានហោ បានណែនាំជាប្រចាំ និងដាក់បទបញ្ជាឲ្យមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ តាមដានជាប់ និងចុះទៅត្រួតពិនិត្យជាក់ស្តែង នៅតាមអូរជាប់ព្រំដែន ដើម្បីរាយការណ៍មកក្រសួង ដាក់ចេញវិធានការជាបន្តបន្ទាប់នៅពេលណាស្ថានទឹកមានការប្រែប្រួល។
បើតាមការបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក, របាយការណ៍របស់មន្ទីរធនធានទឹកខេត្តបន្ទាយមានជ័យ បានបង្ហាញដូចខាងក្រោម៖
*ទី១៖ ស្ថានភាពទឹកច្រកទឹកអូរស្ពាន ស្រុកម៉ាល័យ មិនមានទឹកហូរមកពីថៃនោះទេ ហើយពេលនេះអាកាសធាតុ ក្តៅ ពពរខ្នៅក្រាស់ដុំៗ។
*ទី២៖ ស្ថានភាពទឹកអូរល្ហុង នៅក្រុងប៉ោយប៉ែត ត្រូវបានមន្រ្តីបញ្ជាក់ជូនថា មានទឹកហូរធម្មតា ជាទឹកភ្លៀងក្នុងស្រុក និងទឹកភ្លៀង ប្រទេសថៃជាប់ជាយដែន ខណៈដែលអាកាសធាតុមានលក្ខណៈល្អប្រសើរដូចគ្នា។
*ទី៣៖ ស្ថានភាពទឹកនៅអូរបីជាន់ ស្រុកអូរជ្រៅ មិនទាន់មានទឹកមកពីថៃនោះឡើយ។
*ទី៤៖ ស្ថានភាពទឹកនៅអូរកំបុត និងច្រកទឹកអាងក្តឹបថ្ម នៅស្រុកថ្មពួក មិនមានទឹកហូរមកពីដីថៃនោះទេ ហើយអាកាសធាតុ មេឃស្រទុំ។
ជារួមមន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក បានថ្លែងថា ស្ថានភាពទឹកជំនន់ ពុំទាន់មានមកពីប្រទេសថៃនោះទេ។ ការចេញមកបញ្ជាក់របស់មន្រ្តីជំនាញធនធានទឹកខាងលើនេះ បានធ្វើឡើងក្រោយពេលមានសេចក្តី រាយការណ៍មួយចំនួន បានផ្សាយថា នៅតំបន់ព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកកំពុងតែគំរាមកំហែងដល់លំនៅដ្ឋាន និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ៕