(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំជាមួយក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហរសមុទ្រ ស្តីពីការបច្ចុប្បន្នភាពព័ត៌មានពាក់ព័ន្ធ និងសន្តិសុខលម្ហរសមុទ្រ នៅខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក សួន សំណាង សមាជិកប្រចាំការ គ.ជ.ស.ស ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ តំណាងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ លោក ទៀ សុខា មេបញ្ជារងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជារជួរមុខ។
កិច្ចប្រជុំនេះ មានការចូលរួម ពីគណៈប្រតិភូអមដំណើរ ស្នងការនគរបាលខេត្ត មេបញ្ជាការរងអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងខេត្ត អភិបាលរងក្រុងស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជាច្រើននាក់ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។
លោក គង់ វិតាណៈ អភិបាលរងខេត្ត បានលើកឡើងក្នុងកិច្ចប្រជុំថា ខេត្តព្រះសីហនុមានកោះចំនួន៣២ ក្នុងនោះ៖
*ក្រុងព្រះសីហនុ មានកោះចំនួន ៥ មានក្រុមហ៊ុនចំនួន៤ វិនិយោគលើកោះ៤
*ក្រុងកោះរ៉ុង មានកោះ១៩ មានក្រុមហ៊ុនចំនួន៧ វិនិយោគលើកោះចំនួន៩
*ស្រុកព្រៃនប់ មានកោះចំនួន៧ មានក្រុមហ៊ុនចំនួន១២ វិនិយោគលើកោះចំនួន៦
*ស្រុកស្ទឹងហាវ មានកោះចំនួន១។
ក្នុងចំណោមកោះទាំង៣២ នៃខេត្តព្រះសីហនុ មានកោះចំនួន១៩ ត្រូវបានទទួលគោលការណ៍វិនិយោគ អភិវឌ្ឍពីរាជរដ្ឋាភិបាលដែលមាន ២៣ក្រុមហ៊ុន។ លោកអភិបាលរងខេត្ត បានបន្តថា ក្នុងនាមរដ្ឋបាលខេត្តស្វាគមន៍គណៈប្រតិភូដែលបានមកធ្វើបច្ចុប្បន្នភាពព័ត៌មានសន្តិសុខលម្ហសមុទ្រនៅខេត្តព្រះសីហនុ ក៏ដូចជានៅតាមបណ្តាកោះមួយចំនួនទៀត ក្នុងខេត្តជាប់សមុទ្រ។
លោក សួន សំណាង សមាជិកប្រចាំការគណៈកម្មាធិកាជាតិសន្តិសុខលម្ហសមុទ្រ (គ.ជ.ស.ស) ប្រធានក្រុមការងារបច្ចេកទេស និងជាអគ្គលេខាធិការរង គ.ជ.ស.ស ក្រុមការងារត្រូវការទិន្នន័យថ្នីៗបន្ថែម ដើម្បីធ្វើការផ្ទៀងផ្ទាត់ ពិសេសការវិនិយោគនៅលើកោះ និងផលប៉ះពាល់ទៅលើវិស័យការពារជាតិ។ គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រមានវិសាលភាពក្នុងការគ្រប់គ្រង គ្របដណ្តប់ក្នុងការឆ្លើយតប ការទទួលខុសត្រូវរបស់ខ្លួនក្នុងតួនាទីចូលរួមការពារជីវៈចម្រុះបាតសមុទ្រ និងកិច្ចគាំ ពារបរិស្ថានផងដែរ។
លោក សួន សំណាង បានបន្តថា ចំណុចទាក់ទងការងារពីរឆ្នាំ យើងរៀបចំឡើងវិញ ស្របតាមគោលនយោបាយជាតិសន្តិសុខលម្ហសមុទ្រ ទាមទារឲ្យក្រុមការងារប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ឲ្យកាន់តែស៊ីជំរៅ និងមានប្រសិទ្ធភាព ក្នុងការគ្រប់គ្រងដែនសមុទ្រកម្ពុជា៕