(កំពង់ចាម)៖ ដើម្បីឲ្យប្រជាពលរដ្ឋនៅទូទាំងខេត្ត មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគ្រប់ៗគ្នានោះ សម្រាប់ប្រើប្រាស់តាមតម្រូវការ និងត្រៀមចូលរួមការបោះឆ្នោតនាពេលខាងមុខនោះ កងកម្លាំងនគរបាល បាននិងកំពុងបន្តយុទ្ធនាការចុះធ្វើ និងចែកអត្តសញ្ញាណប័ណ្ណនៅតាមមូលដ្ឋានជារៀងរាល់ថ្ងៃ។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានឲ្យដឹងថា កម្លាំងនគរបាលការិយាល័យជំនាញ សហការជាមួយកម្លាំងនគរបាលតាមបណ្តាស្រុក តាមប៉ុស្តិ៍ ចុះទៅធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅតាមភូមិ ជាប្រចាំដើម្បីឲ្យពួកគាត់មាន ប្រើប្រាស់គ្រប់ៗគ្នា ឲ្យតែដល់អាយុ១៥ឆ្នាំ។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា «ក្រោយនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ បោះពុម្ភរួចរាល់ យើងបានទៅដឹកពីនាយកដ្ឋាន មកទុកនៅស្នងការដ្ឋាន រួចហើយយើង បានដឹកយកទៅឲ្យតាមអធិការក្រុង ស្រុក ហើយតាមអធិការក្រុងស្រុក ដឹកបន្តយកទៅឲ្យប៉ុស្តិរដ្ឋបាល រួចទើបនគរបាលប៉ុស្តិរដ្ឋបាលតាមឃុំនីមួយៗ បានយកអត្តសញ្ញាណប័ណ្ណទាំងនេះ ចែកជូនដល់ដៃប្រជាពលរដ្ឋតាមខ្នងផ្ទះតែម្តង ដែលយុទ្ធនាការនេះ យើងបាននិងកំពុងអនុវត្តជារៀងរាល់ថ្ងៃ»។
ជាមួយគ្នានេះលោកស្នងការ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ១៥ឆ្នាំ មកធ្វើអត្តសញ្ញាណកម្មសញ្ជាតិខ្មែរ បានគ្រប់ៗគ្នានៅតាមប៉ុស្តិនគរបាល និងអធិការក្រុងស្រុក។