(ភ្នំពេញ)៖ ខណៈមេរោគកូវីដ១៩ នៅបន្តរាលដាលនៅក្នុងប្រទេសនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះ បានព្រមានសាជាថ្មីថា ការព្រងើយកន្តើយ និងធ្វេសប្រហែសក្នុងការការពារខ្លួនរបស់ប្រជាពលរដ្ឋ គឺជាកត្តាបើកចំហរឱ្យមានការឆ្លងមេរោគកូវីដ កាន់តែកើនឡើង និងលឿនខ្លាំង។
ជាមួយគ្នានោះ លោកស្រីរដ្ឋលេខាធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋជាថ្មីទៀតថា ប្រសិនបើទៅទីកន្លែងណាក៏ដោយ សូមនាំគ្នាអនុវត្តវិធានការ «៣ការពារ និង៣កុំ» រួមជាមួយចាក់វ៉ាក់សាំងដូសជំរុញពេលដល់វេន ឱ្យបានទាន់ពេល ដើម្បីសុខភាពផ្ទាល់ខ្លួន។
គួរជម្រាបថា នៅថ្ងៃទី៤ ខែសីហានេះ ក្រសួងសុខាភិបាលបានបង្ហាញព័ត៌មានពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន២៩នាក់ និងជាសះស្បើយចំនួន១៩នាក់។ គិតត្រឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២នេះដែរ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន១៣៦,៩៣៧នាក់ អ្នកជាសះស្បើយសរុបចំនួន១៣៣,៦២៧នាក់ ស្លាប់សរុបចំនួន៣,០៥៦នាក់៕