(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា (ក្រុម១៥៧) តំណាងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាស្ថាបនិក និងលោក សំ សំអាត អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំសមាជិក សមាជិកា មកសម្ពោធផ្លូវបេតុងមួយខ្សែ ដែលមានទទឹង៤ម៉ែត្រ និងបណ្តោយ១១៣.៥ម៉ែត្រ ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែនស្មាច់ដែង ក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងពិធីនេះក៏មានការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូចំនួន៥១នាក់ សិស្សានុសិស្សចំនួន២១០នាក់ និងប្រជាពលរដ្ឋចំនួន៦០គ្រួសារ ព្រមទាំងមន្រ្តីរាជការ ប្រធានមន្ទីស្ថាប័ននានាជុំវិញខេត្តមួយចំនួនផងដែរ។
បន្ទាប់ពីកម្មវិធីសម្ពោធផ្លូវបេតុងបានបញ្ចប់ ក៏មានការចែកជូនអំណោយទៅដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះផងដែរ ដោយអំណោយមានដូចជា៖
* ចំពោះលោកគ្រូ អ្នកគ្រូ៥១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥០,០០០រៀល
* ចំពោះសិស្សានុសិស្ស២១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា ៥,០០០រៀល
* ចំពោះប្រជាពលរដ្ឋចំនួន៦០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ១បាវ(២៥គីឡូក្រាម), មី១កេស, ត្រីខ១យួរ, ប្រេងឆា១ដប, ទឹកត្រី១យួរ, ទឹកស៊ីអ៉ីវ១យួរ, អំបិល១គីឡូក្រាម, ស្កសរ១គីឡូក្រាម, ប៊ីចេង០.៥គីឡូក្រាម និងថវិកា ១០,០០០រៀល
* សិស្សានុសិស្សក្រុមបាល់ទាត់ ទទួលបានបាល់ទាត់២ បាល់ទះ២ និងថវិកា១០,០០០រៀល។
ជាកិច្ចបញ្ចប់នៃកម្មវិធី គណៈអធិបតី និងក្រុមការងារបានចូលរួមកម្មវិធីដាំដើមឈើដើម្បី ជានិមិត្តរូបនៃពិធីសម្ភោធដាក់ឲ្យប្រើប្រាស់នូវផ្លូវបេតុង១ខ្សែនេះ៕