(តូក្យូ)៖ ជើងហោះហើរជាង៤០០ ត្រូវបានសម្រេចលុបចោល បន្ទាប់ពីយន្តហោះរបស់កូរ៉េខាងត្បូង Korean Air ដឹកមនុស្ស ៣១៩នាក់បាន ជួបបញ្ហាហុយផ្សែងចេញពីម៉ាស៊ីនមួយចំហៀង កាលពីរសៀលថ្ងៃសុក្រ អំឡុងពេលរៀបហោះចេញតែប៉ុន្មានវិនាទីប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានស៊ិនហួរ នាយប់ថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។
យន្តហោះខាងលើនេះជាប្រភេទ Boeing 777-300 ជាកម្មសិទ្ធិរបស់ Korean Air បានគ្រោងធ្វើ ដំណើរពីព្រលានយន្តហោះ Haneda ទីក្រុងតូក្យូ ទៅកាន់ទីក្រុងសេអ៊ូល ក៏ប៉ុន្តែគ្រាន់តែវារៀបហោះ ចេញនោះ ម៉ាស៊ីនស្លាបឆ្វេងរបស់វាក៏បានឆាបឆេះឡើង នាំឲ្យមានការជម្លៀសអ្នកនៅលើនោះទាំងអស់ ចេញជាបន្ទាន់តែម្តង កាលពីវេលាម៉ោង ១២៖៤០នាទីរសៀលម៉ោងនៅតូក្យូ។
វាជាសំណាងល្អបំផុតមួយ ដែលវាកើតឡើងអំឡុងពេលរៀបហោះចេញ។ រហូតមកដល់ពេលនេះ ក្រុមជំនាញកំពុង ពិនិត្យរកមើលមូលហេតុពិតប្រាកដ ដែលបង្កអគ្គីភ័យនេះឡើង ហើយចំពោះ ការភ័យខ្លាចថាមានភេរវកម្មនោះ ត្រូវបានប៉ូលិសជប៉ុនច្រានចោលផងដែរ៕