(ភ្នំពេញ)៖ សហជីពធំៗពីរ តំណាងឲ្យកម្មករ៦១ម៉ឺននាក់ បានចេញមុខមកថ្កោលទោស និងអំពាវនាវឲ្យចាត់វិធានការណ៍ តាមច្បាប់លើជនខិលខូចណា ដែលបាននិងកំពុងចង់ អូសទាញកម្មករឲ្យបម្រើការងារ នយោបាយដែលផ្ទុយទៅនឹងច្បាប់រដ្ឋ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពីរដាច់ដោយឡែកពីគ្នា របស់សហជីពដែលបានផ្សព្វផ្សាយឲ្យដឹងព្រមគ្នា នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍ របស់សហព័ន្ធសហជីពឯករាជ្យកម្ពុជា តំណាងឲ្យកម្មករសរុប២ម៉ឺននាក់ មកពីវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ចំការកៅស៊ូ និងដឹកជញ្ចូន បានប្រកាសថ្កោលទោស យ៉ាងដាច់អហង្កាចំពោះ សហជីព សមាគម ជនអគតិមួយចំនួន ដែលអូសទាញកម្មករ និយោជិតឲ្យពាក់ព័ន្ធ បម្រើការងារនយោបាយ ដើម្បីផលប្រយោជន៍របស់ខ្លួន ឲ្យប្រព្រឹត្តអំពើផ្ទុយនឹងច្បាប់រដ្ឋ សូមឲ្យអាជ្ញាធរមាន សមត្ថកិច្ច មេត្តាផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុតទៅតាមផ្លូវច្បាប់។
ចំណែកសេចក្តីថ្លែងការណ៍ របស់ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា ដែលមានសហភាពសហជីពចំនួន០៧ សហព័ន្ធសហជីពចំនួន៧៣ ជាសមាជិកក្រុមប្រឹក្សាភិបាល និងតំណាងឲ្យកម្មករ សរុប៥៩ម៉ឺននាក់ ក៏បានប្រកាសថ្កោលទោស ជាដាច់ខាតចំពោះជនណា ក្រុមណា សមាគមណា អង្គការណា សហជីពណា ដែលដឹកនាំកម្មករ និយោជិត ឲ្យប្រព្រឹត្តិអំពើផ្ទុយនឹងច្បាប់រដ្ឋ សូមឲ្យអាជ្ញាធរ មានសមត្ថកិច្ចផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត ទៅតាមច្បាប់ជាធរមាន។
ក្រៅពីនោះ សហជីពទាំងពីរ ក៏បានអំពាវនាវដូចគ្នា ឲ្យកម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស រក្សាភាពស្ងប់ស្ងាត់ និងបំពេញ ការងារខ្លួនជាធម្មតា កុំឲ្យជឿតាមការឃោសនា របស់អ្នកនយោបាយមួយចំនួន ដែលអូសទាញឲ្យប្រព្រឹត្តអ្វីមួយ ដែលខុសច្បាប់។
ការចេញមកថ្កោលទោស និងប្រឆាំងរបស់សហជីពទាំង២នេះ បានធ្វើឡើងក្រោយពីលោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា បានប្រកាសឲ្យកម្មករទាំងអស់ចូលរួមធ្វើបាតុកម្ម បើសិនមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
កាលពីម្សិលមិញ ក្រោយការប្រកាសរបស់លោក ជា មុនី រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានផ្តល់បទសម្ភាស៍ជាមួយអង្គភាព Fresh News ដោយអំពាវនាវដល់កម្មករ កម្មការិនី ទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងធ្វើការងារជាប្រក្រតីភាពចៀសវាង ការបង្កចលាចលនានា តាមការអំពាវនាវរបស់លោ ក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា ។
លោក អ៉ិត សំហេង បានហៅការអំពាវនាវរបស់លោក ជា មុនី ជាការធ្វើផ្ទុយពីច្បាប់ស្តីពីសហជីព ដែលទើបចូលជាធរមាន អាចប្រឈមនឹងទណ្ឌកម្ម រហូតឈានដល់ការរំលាយចោល។
លោក អ៉ិត សំហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការអំពាវនាវរបស់លោក ជា មុនី កំពុងធ្វើផ្ទុយពីច្បាប់ស្តីពីសហជីព ដែលមិនអនុញ្ញាតឲ្យពាក់ព័ន្ធ ជាមួយគណបក្សនយោបាយ ឬធ្វើយុទ្ធនាការណាមួយ បង្ហាញការគាំទ្រដល់ គណបក្សនយោបាយនោះឡើយ។ លោកបានបញ្ជាក់អ្វី ដែលលោក ជា មុនី កំពុងធ្វើអាចប្រឈមការអនុវត្ត តាមច្បាប់ស្តីពីសហជីព ដែលមានដូចការពិន័យ ដាក់ទណ្ឌកម្ម និងឈានដល់ការរំលាយចោល។
លោក អ៉ិត សំហេង បានថ្លែងដូច្នេះ «អ្វីដែលគាត់ធ្វើហ្នឹងវាមិនត្រឹមត្រូវ គឺវាផ្ទុយនិងច្បាប់ស្តីពីសហជីព ដែលទើបនឹងចូលជាធរមាននាពេលថ្មីៗនេះ។ ទង្វើរបស់គាត់អាចប្រឈមនិងការពិន័យ ដាក់ទណ្ឌកម្ម និងអាចឈានទៅដល់ការរំលាយចោល»។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវទៅដល់កម្មករ កម្មការិនី រក្សាភាពស្ងប់ស្ងាត់បម្រើការងារជាប្រក្រតី កុំធ្វើតាមការញុះញង់ ដែលនាំឲ្យប៉ះពាល់ ដល់ជីវភាពរបស់ខ្លួន។ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា រឿងលោក កឹម សុខា គឺជាការអនុវត្តទៅច្បាប់ក្នុងសំណុំរឿងសញ្ចាកម្ម វាមិនមានអ្វីពាក់ព័ន្ធជាមួយក្រុមកម្មករនោះឡើយ៕