(ពោធិ៍សាត់)៖ ក្នុងចំណោមបុរស២នាក់បានស្លាប់ ដោយស្លាប់ម្នាក់នៅកន្លែកកើតហេតុ និងម្នាក់ទៀតស្លាប់ ពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកបាកាន នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបានកើតឡើងកាលពីវេលាម៉ោង ៨៖២៥នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅលើផ្លូវកៅស៊ូ ខាងជើងស្ពានប្រឡាយគោករំលចម្ងាយ ៥៧.២០ម៉ែត្រ ស្ថិតក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោក នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា ករណីនេះបានកើតឡើងរវាងម៉ូតូ Dream ស៊េរី ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1E-6740 បើកបរដោយឈ្មោះ បូរ សុផាត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអង្គការប្រាសាក់ នៅតាលោរស់នៅភូមិអន្លុងមាន ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្លាប់នៅនឹងកន្លែងកើតហេតុ រួមដំណើរដោយឈ្មោះ អ៊ុង សុភារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិឆ្នាល់ចាន់ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ស្លាប់ពេលបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកបាកាន ទំនងជាស្រវឹង ហើយងងឹតផងបានបុកជាមួយត្រាក់ទ័រ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ។
លោកអធិការបានបន្តថា បើតាមប្រជាពលរដ្ឋនៅមូលដ្ឋាន មុនពេលកើតហេតុ គេឮសំលេងត្រាក់ទ័រ តែមិនដឹងមកពីទិសណាទេ ភ្លាមនោះក៏ឮសំលេងផាំងដូចរន្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនាំគ្នាចេញមកមើល ក៏ឃើញបុរសម្នាក់ស្លាប់ នៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតរបួសធ្ងន់ ពេលបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកបាកាន ដាច់ខ្យល់ស្លាប់ ។
វត្ថុតាងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការស្រុក ដើម្បីដោះស្រាយតាមនីតិវិធី នៅពេលក្រោយ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី តាមផ្ទះរៀងៗខ្លួន៕