(ភ្នំពេញ)៖ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបញ្ជាក់ថា ការតម្លើង ការកសាង និងអភិវឌ្ឍសញ្ញាជំនួយនាវាចរណ៍ ក្នុងបណ្តាញផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជា ដើម្បីធានាសុវត្ថិភាពការធ្វើនាវាចរណ៍ ការដឹកជញ្ជូនទំនិញ និងជាពិសេសធានាបាននូវសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរ តាមបណ្តារផ្លូវទឹក និងផ្លូវសមុទ្ររបស់កម្ពុជា។
លោក រស់ វណ្ណា បានថ្លែងដូចនេះ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសតំណាងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី ក្រសួងសាធារណការ និង ដឹកជញ្ជូន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលបច្ចេកទេសស្តីពី សញ្ញាជំនួយនាវាចរណ៍សម្រាប់គាំទ្រដល់ការធ្វើនាវាចរណ៍ តាមបណ្តាញផ្លូវទឹកក្នុងប្រទេសកម្ពុជា ដែលបានរៀបចំរយៈពេល២ថ្ងៃ នៅថ្ងៃ០៣ និង០៤ ខែសីហា ឆ្នាំ២០២២ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែល សហការណ៍រៀបចំដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថានសញ្ញាជំនួយនាវាចរណ៍នៃសាធារណរដ្ឋកូរ៉េ។
វគ្គបណ្តុះបណ្តាលនេះមានគោលបំណងចំនួនពីរ គឺ ១៖ ដើម្បីពង្រឹងសមត្ថភាពដល់មន្រ្តីបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូនលើការងារកសាង ការងារជួសជុល ការថែទាំ និងការអភិវឌ្ឍសញ្ញាជំនួយនាវាចរណ៍នៅកម្ពុជា ដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមមួយកម្រិតទៀត, ២៖ ចែករំលែក និងផ្លាស់ប្តូរបទ ពិសោធល្អៗ លើការងារកសាងនិងអភិវឌ្ឍសញ្ញាជំនួយនាវាចរណ៍ពីសាធារណរដ្ឋកូរ៉េ មកប្រើប្រាស់ក្នុងបណ្តាញផ្លូវទឹកក្នុងនៅកម្ពុជា។
លោក រស់ វណ្ណា ក៏បានបញ្ជាក់ទៀតថា ការកសាង និងអភិវឌ្ឍសញ្ញាជំនួយនាវាចរណ៍នឹងជួយឲ្យល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាកើនឡើង មួយកម្រិតទៀត តាមរយៈការធានាសុវត្ថិភាព និងគុណភាពនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរតាមផ្លូវទឹកទាំងពេលថ្ងៃ និងពេលយប់ ធ្វើឲ្យល្បឿននៃការដឹកជញ្ជូនបានឆាប់រហ័ស ជាងមុន តាមរយៈការកាត់បន្ថយរយៈពេលរង់ចាំរបស់នាវា និងធ្វើឲ្យតម្លៃនៃការដឹកជញ្ជូនតាមផ្លូវទឹកថយចុះ និងជាពិសេសអាចជៀសវាងគ្រោះថ្នាក់ និងឧបសគ្គនានា តាមផ្លូវទឹកបានផងដែរ។
បន្ថែមពីនេះលោករដ្ឋលេខាធិការ ក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា សាធារណរដ្ឋកូរ៉េ និងដៃគូរអភិវឌ្ឍផ្សេងៗទៀតនឹងបន្តជួយគាំទ្រជាថវិកា និងជំនួយបច្ចេកទេស ដល់ក្រសួងសាធារណការ និងដឹកជញ្ជូនបន្ថែមទៀត ដើម្បីឲ្យក្រសួងមានលទ្ធភាពក្នុងការធានាគុណភាព និងប្រសិទ្ធភាពនៃការងារតម្លើង និងប្រតិបត្តិការណ៍ សញ្ញាជំនួយនាវាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសញ្ញាជំនួយនាវាចរណ៍នានានៅកម្ពុជាឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀតផងដែរ៕