(ព្រះសីហនុ)៖ រថយន្តកុងតឺន័រមួយគ្រឿង បានរអិល ហើយក្រឡាប់ធ្លាក់ចូលជ្រោះ នៅចំណុចអូរត្រាវ ចូលក្រុងព្រះសីហនុ នាក្បាលព្រលប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយពីរថយន្តយក្សមួយនេះ បានបើកបុកម៉ូតូមួយគ្រឿង ហើយជ្រុលទៅបុករថយន្តដឹកធ្យូងមួយគ្រឿងទៀត។
លោក អីុ សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺនរ័ បុកប៉ះជាមួយនឹងអ្នកបើកម៉ូតូ រួចហើយជ្រុលទៅប៉ះនឹងរថយន្តដឹកធ្យូងមួយគ្រឿងទៀត នៅផ្លូវចំណោតអូរត្រាវ ជិតចូលដល់ក្រុងព្រះសីហនុ ហើយបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។
លោកវរសេនីយ៍ឯក អុី សុខា បានបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យបុរសអ្នកបើកបរម៉ូតូម្នាក់ស្លាប់បាត់បង់ជីវិត រីឯរថយន្តកុងតឺនរ័ក្រឡាប់ និងរថយន្តដឹកធ្យូងមិនមានប៉ះពាល់ធ្ងន់ធ្ងរទេ។
បើតាមសមត្ថកិច្ចនៅកន្លែងកើតហេតុអោយដឹងផងដែរថា ស្ថានភាពផ្លូវនៅអូរត្រាវកន្លែងកើតហេតុ កំពុងមានភ្លៀង និងងងិត ដែលស្នើសុំឲ្យអ្នកបើកបរឆ្លងកាត់ បង្កើនការប្រុងប្រយត្ន័ផង៕