(ភ្នំពេញ)៖ ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាបានជ្រើសយកម្ហូប «ហហ្មុក» ដែលជាមុខម្ហូបមួយ ក្នុងចំណោម្ហូបខ្មែរដទៃទៀត ទទួលរដ្ឋមន្ត្រីការបរទេសអាស៊ាន អំឡុងពេលរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ នេះបើតាមលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ថ្លែងនៅថ្ងៃទី៣ ខែសីហា ឆ្លើយតបសំណួរ អ្នកសារព័ត៌មាន Fresh News ។
លោក ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្ត្រីការបរទេសជប៉ុន មុនដំណើរអញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមប្រជុំក្របខណ្ឌអាស៊ាន លោកបានផ្ញើសារជូនប្រជាពលរដ្ឋកម្ពុជា ដោយបានគូសរំលេចទៀតថា ក្នុងទស្សនកិច្ចលើកនេះ លោកមានបំណងបញ្ជាក់ឡើងវិញនូវទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសកម្ពុជា និងជប៉ុន។
ក្នុងសារនេះ លោករដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានឆ្លៀតគូសរំលេចដែរថា លោកជាអ្នកគាំទ្រម្ហូបខ្មែរ ហើយលោកបានទៅភោជនីយដ្ឋានខ្មែរក្នុងទីក្រុងតូក្យូជាញឹកញាប់។ ពេលនេះ លោកទន្ទឹងរង់ចាំភ្លក់រសជាតិដើមកំណើតនៃម្ហូបខ្មែរដូចជា «ហហ្មុក»។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន លោក គង់ ភោគ បានបន្ថែមថា អំឡុងពេលកម្ពុជា រៀបចំកិច្ចប្រជុំក្របខណ្ឌអាស៊ាន ចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ គឺរៀបចំយ៉ាងណា ឲ្យភ្ញៀវពេញចិត្តគ្រប់ចន្លោះកន្លែង មិនថាការរៀបចំកិច្ចប្រជុំ និងរៀបអាហារនោះឡើយ។ ការរៀបចំម្ហូបខ្មែរទទួលភ្ញៀវបរទេស ជាផ្នែកមួយនៃការទូតសេដ្ឋកិច្ច។
«ហហ្មុក» ជាសម្លខ្មែរមួយមុខដែលកំពុងទទួលបានការពេញនិយមពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរនោះ តែកំពុងមានការយល់ច្រឡំសឹងតែគ្រប់គ្នាចំពោះការហៅឈ្មោះរបស់វា នោះគឺសម្លអាម៉ុក ប៉ុន្តែពាក្យត្រឹមត្រូវរបស់ម្ហូបដ៏ឈ្ងុយឆ្ងាញ់នេះគឺ «ហហ្មុក» អានថា «ហ ម៉ុក»។
បើតាមវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បានសរសេរយ៉ាងដូច្នេះថា «ហហ្មុក ជាឈ្មោះម្ហូបអាហារមួយប្រភេទ ធ្វើដោយត្រីស្រស់ផ្សំគ្រឿងមានការពិបុក និងខ្ទិះដូងជាដើម ខ្ចប់ចំហុយ»។
ពាក់ព័ន្ធនឹងនិយមន័យរបស់ពាក្យ ហហ្មុក ដែលមានការពន្យល់នៅក្នុងវចនានុក្រមនេះ សម្ដេចព្រះសង្ឃរាជ ជួន ណាត បានផ្ដាំប្រាប់កូនចៅជំនាន់ក្រោយយ៉ាងច្បាស់ថា «គួរកុំច្រឡំហៅ អាម៉ុក ព្រោះជាសម្ដីពុំគួរសោះឡើយ»។
ហហ្មុក អាចធ្វើជាមួយត្រីរ៉ស់ ត្រីអណ្តែងដាក់ស្លឹកញជាដើម ប៉ុន្តែមកដល់ពេលបច្ចុប្បន្ន ចុងភៅខ្មែរបានផ្សែផ្សំជាមួយគ្រឿងឆ្ងាញ់ៗបន្ថែមទៀត ដើម្បីបង្កើនក្លិនឈ្ងុយ និងរសជាតិឱ្យកាន់តែឆ្ងាញ់ពិសា និងរំលេចនូវសោភ័ណភាពឱ្យកាន់តែទាក់ទាញផងដែរ។
នៅក្នុងសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ដែលបានធ្វើឡើងកាលឆ្នាំ២០១៩ មន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាគ្រោងនឹងស្នើសុំដាក់សម្លហហ្មុក រួមជាមួយម្ហូបអាហារ៤មុខទៀត រួមមាន៖ សម្លកកូរ សម្លម្ជូរគ្រឿង សម្លប្រហើរ និងនំបញ្ចុក ព្រមទាំងបង្អែម៥មុខទៀត រួមមាន៖ នំអន្សម នំផ្លែអាយ បាយដំណើបសង់ខ្យា នំចក្រច័ន្ទ និងនំស្លឹកស្រស់ ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកអរូបិយរបស់អង្គការយូណេស្កូ (UNESCO)។
ការប្ដេជ្ញាអនុវត្តកិច្ចការខាងលើនេះ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់គុណតម្លៃម្ហូបអាហារ និងបង្អែមរបស់ខ្មែរ ក៏ដូចជាពង្រីកការផ្សព្វផ្សាយពីវប្បធម៌ ប្រពៃណី ការរស់នៅ វិធីចម្អិនម្ហូបរបស់ប្រជាជនខ្មែរ ឱ្យកាន់តែទូលំទូលាយទៅដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សំដៅរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាបន្ថែមកាន់តែច្រើន តាមរយៈទេសចរណ៍ម្ហូបអាហារនេះ៕