(តាកែវ)៖ កម្លាំងនគរបាលស្រុកសំរោង ខេត្តតាកែវ សហការជាមួយ មន្ទីរធម្មការ និងគណ:កម្មការវត្តប្រាង្គអណ្តែត ហៅវត្តរំលេច បានចុះទៅឃាត់ខ្លួន និងចាប់ផ្សឹកព្រះសង្ឃមួយអង្គ ក្រោយបានប្រព្រឹត្តខុស វិន័យសង្ឃ ដោយបានចាប់រំលោភនារីម្នាក់ ដែលមកបួសលាបំណន់ នៅក្នុងវត្ត រហូតសម្រេចបាន៣ដងត្រឹមរយ:ពេលប្រមាណ៣ម៉ោងប៉ុណ្ណោះ។
ការឃាត់ខ្លួន និងចាប់ផ្សឹកព្រះសង្ឃល្មោភកាមរូបនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ស្ថិតនៅវត្តរំលេច បន្ទាប់ពីទទួលបានពាក្យបណ្តឹងបស់នារីរងគ្រោះ ដែលព្រះសង្ឃ បានចាប់រំលោភនាងតាំងពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦មកម្ល៉េះ។
មូលហេតុដែលនាងទើបតែប្តឹងសមត្ថកិច្ច ក៏ព្រោះតែខ្លាចការគំរាមសម្លាប់ចោលពីព្រះសង្ឃរូបនេះ តែម្តងក្រោយពេលចាប់រំលោភបានហើយនោះ។
មន្រ្តីនគរបាលមូលដ្ឋានស្រុកសំរោង បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ខៀវ សុផល អាយុ៣៧ឆ្នាំ ហៅចំរើន រស់នៅភូមិបឹងត្រាញ់ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ហើយទើបបួសជាសង្ឃបាន៥ខែប៉ុណ្ណោះ។ ដោយឡែកនារីរងគ្រោះ មានឈ្មោះ ន ស ភ អាយុ២១ឆ្នាំ រស់នៅឃុំបឹងត្រាញ់ខាងជើង ហើយបានទៅបួសលាបំណន់ នៅក្នុងវត្តរំលេច។
មន្រ្តីនគរបាលបានបញ្ជាក់ថា នៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ នារីរងគ្រោះបានលេបថ្នាំឲ្យបាត់រមាស់ ស្រាប់តែមានអាការ:ធីងធោង មិនស្រួលខ្លួន ពេលនោះក៏ចូលទៅដេក ស្រាប់តែនៅវេលាម៉ោងប្រមាណ៨៖៣០នាទី ជនសង្ស័យជាសង្ឃ បានចូលទៅចាប់រំលោភនាង ចំនួន៣ដង រហូតដល់ម៉ោងជាង១១ យប់ថ្ងៃដដែល។
ក្រោយចាប់រំលោភរួចហើយ ស្រាប់តែព្រះសង្ឃអង្គនេះ បានគំរាមសម្លាប់នារីរងគ្រោះចោលបើហ៊ានប្រាប់ឲ្យនរណាដឹង ទើបនាងចេះតែលាក់ទៅ ប៉ុន្តែដោយទ្រាំមិនបានចំពោះទង្វើដ៏ថោកទាបនេះ ក៏ទម្លាយប្រាប់ក្រុមគ្រួសារ រហូតដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ចុះមកឃាត់ និងចាប់ផ្សឹកតែម្តង។
បច្ចុប្បន្ន ជនសង្ឃបរាជិតរូបនេះ ត្រូវបានឃុុខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់៕