(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត អនាគតបេក្ខភាពនាយករដ្ឋមន្រ្តីរបស់ គណបក្សប្រជាជនកម្ពុជា និងជាកូនច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានសម្តែងការហួសចិត្តចំពោះ លោក សម រង្ស៉ី ដែលបន្តវាយប្រហារលោករឿងដដែលទៀត ដោយគ្មានការខ្មាសអៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ាណែត បានលើកឡើងថា៖ «វាជាការហួសចិត្តមួយ ដែលមនុស្សចាស់ម្នាក់គឺ លោក សម រង្ស៉ី ដែលតាំងខ្លួនជាបញ្ញវ័ន្ត និងជាអ្នកនយោបាយចាស់វស្សា បានធ្វើការវាយប្រហារ មាក់ងាយរូបខ្ញុំដែលជាក្មេងជំនាន់ក្រោយ ដោយគ្មានការទទួលខុសត្រូវ មួយលើក ជាពីរលើករួចមកហើយ អំពីរឿងសញ្ញាបត្ររបស់ខ្ញុំ»។
លោកបានបន្តថា «ខ្ញុំបានបបួលគាត់ភ្នាល់ប៉ុន្តែគាត់មិនហ៊ានភ្នាល់។ ខ្ញុំស្មានវាយប្រហារក្មេងម្នាក់ដូចរូបខ្ញុំពីរដងបានល្មមហើយ ប៉ុន្តែខ្ញុំនឹកស្មានមិនដល់សោះ ដោយប៉ុន្មានម៉ោងមុននេះគាត់បានចេញមក វាយប្រហារខ្ញុំរឿងដដែលទៀតដោយគ្មានការខ្មាសអៀន គ្មានគុណធម៌ និងគ្មានភាពជាចាស់ទុំ និងជាបញ្ញវ័ន្តម្នាក់ដែលទទួលបានការបណ្តុះបណ្តាលនៅក្រៅប្រទេសដែរ។ ជាធម្មតាអ្នករៀនសូត្រ គេមិនដែលមើលងាយអ្នករៀនសូត្រផ្សេងទេ វាខុសតែគាត់ម្នាក់នេះ ដែលនិយាយគ្មានការទទួលខុសត្រូវ។ ហ៊ានថាអោយគេ តែមិនហ៊ានទទួលខុសត្រូវចំពោះសម្តីរបស់ខ្លួន»។
ហេតុដូច្នេះ លោក ហ៊ុន ម៉ាណែត សុំអនុញ្ញាតដើម្បីបកស្រាយអំពីមូលហេតុអ្វីដែលលោកបបួល លោក សម រង្ស៉ី ភ្នាល់នោះ ជាមួយនឹងការបង្ហាញវីដេអូដូចខាងក្រោម៖