(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានមកប្រជុំនៅកម្ពុជា បានសម្តែងការព្រួយបារម្ភជារួមចំពោះភាពតានតឹងដែលកំពុងកើតឡើងនៅច្រកសមុទ្រតៃវ៉ាន់ និងបានស្នើឱ្យភាគីពាក់ព័ន្ធជជែកពិភាក្សាគ្នា ដើម្បីឱ្យស្ថានភាពវិលមកធម្មតាវិញ។ នេះបើតាមការបញ្ជាក់របស់ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យផ្លូវការ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥។
លោកបានបញ្ជាក់នៅក្នុងសន្និសីទកាសែត នាល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានដូច្នេះថា៖ «ពាក់ព័ន្ធនឹងច្រកសមុទ្រតៃវ៉ាន់ អាស៊ានក៏បានបង្ហាញពីការព្រួយបារម្ភ នូវការកើនឡើងនូវភាពតានតឹង ដែលស្ថានភាពនេះប្រសិនបើគ្រប់គ្រងមិនបានល្អ នឹងនាំទៅដល់ ការគណនាខុស ក៏ដូចជាការកើនឡើងនៃកម្តៅរវាងភាគីពាក់ព័ន្ធ»។
លោកបានបន្តទៀតថា៖ «ដូច្នេះយើង (អាស៊ាន) ស្នើឱ្យភាគីទាំងអស់បញ្ចៀសនូវការបង្កហេតុ ឬការប្រព្រឹត្តនូវសកម្មភាពណាមួយដែល បង្កើនភាពតានតឹងនេះ ហើយព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីបន្ធូរបន្ថយភាពតានតឹង ចាប់ផ្តើមមានការជជែកចរចាគ្នា ដើម្បីឱ្យស្ថានភាពមកធម្មតាវិញ»។
បើតាមលោក គង់ ភោគ, សម្រាប់កម្ពុជា គឺប្រកាន់គោលជំហរចិនតែមួយ ហើយរាល់ឯកសារដែលភាគីទាំងអស់ឯកភាពគ្នាហើយ គឺត្រូវតែអនុវត្តឱ្យបានពេញលេញ ដើម្បីធ្វើឱ្យមានស្ថិរភាព និងលំនឹងនៅក្នុងទំនាក់ទំនងរវាងប្រទេសពាក់ព័ន្ធនឹងច្រកសមុទ្រតៃវ៉ាន់។
សូមបញ្ជាក់ថា ភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ បានកើតឡើងបន្ទាប់ពី ដំណើរទស្សនកិច្ចដ៏កម្ររបស់ប្រធានសភាអាមេរិក លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលអ្នកវិភាគជាច្រើនជឿថា ជាការដុតបញ្ឆេះកំហឹងរបស់ មហាអំណាចចិន ខណៈដែលចិន និងអាមេរិក មានកិច្ចព្រមព្រៀងទទួលស្គាល់កោះតៃវ៉ាន់ ជាដែនដីរបស់ចិនកាលពីទសវត្ស៧០។
ភាពតានតឹងនេះ បានកើតឡើងស្របពេលដែលពិភពលោក កំពុងជួបប្រទះនូវស្ថានការណ៍គួរឱ្យព្រួយបារម្ភ ដោយក្នុងនោះមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាដើម៕