(ត្បូងឃ្មុំ)៖ លោកឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ ជំរុញឲ្យមន្រ្ដីនគរបាលទូទាំងខេត្ត ប្រឹងប្រែងបំពេញភារកិច្ច រក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដោយអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន នូវលក្ខន្ដិកៈរបស់កងកម្លាំងនគរបាលជាតិ ក៏ដូចជាប្រតិបត្តិតាមយ៉ាងម៉ឺងម៉ាត់ ប្រកបដោយភាពទន់ភ្លន់ ទៅតាមបទបញ្ជារបស់ថ្នាក់លើដែលបានដាក់ចេញ។
លោកឧត្ដមសេនីយ៍ត្រី ម៉ុន មាគ៌ា ថ្លែងទៅកាន់លោក-លោកស្រី ជាស្នងការរង នាយការិយាល័យ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការក្រុង-ស្រុកទាំង៧ និងកងកម្លាំង នគរបាលបែបនេះ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២ ក្នុងឳកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ ប្រចាំខែកក្កដា និងទិសដៅបន្ត ព្រមទាំងបំពាក់ឋានន្តរស័ក្តិ និងចែកជូនប័ណ្ណសរសើរ ដល់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីជាការលើកទឹកចិត្ត ក្នុងកិច្ចខិតខំប្រឹងប្រែងបំពេញការងារនាពេលកន្លងមក។
ជាមួយគ្នានោះ លោកស្នងការនគរបាលខេត្ត បានសម្ដែងនូវការកោតសរសើរខ្ពស់ ចំពោះមន្រ្ដីនគរបាលនៅទូទាំងខេត្តត្បូងឃ្មុំទាំងមូល ដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចរបស់ខ្លួនទាំងថ្ងៃទាំងយប់ ហាលខ្យល់ហាលភ្លៀង ប្រកបដោយឆន្ទៈ និងមនសិការខ្ពស់ ដើម្បីធានាសុខសុវត្តិភាពជូនប្រជាពលរដ្ឋ ពិសេសថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានអញ្ជើញមកបំពេញបេសកម្មការងារក្នុងទឹកដីខេត្តត្បូងឃ្មុំ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៍ា ក៏បានជំរុញលើកទឹកចិត្ត និងក្រើនរំលឹកដល់មន្រ្ដីនគរបាល គ្រប់ផ្នែកជំនាញទាំងអស់ គ្រប់ជាន់ថ្នាក់ ពិសេសតាមបណ្តាប៉ុស្តិ៍រដ្ឋបាលទាំង៦៤នៅទូទាំងខេត្តត្បូងឃ្មុំ ត្រូវក្តាប់ឲ្យជាប់នូវរាល់បញ្ហា និងបង្ក្រាបឲ្យបានភ្លាមៗរាល់បទល្មើសនានា ដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវបន្ដយកចិត្តទុកដាក់ក្នុងការរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕