(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិនបានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ខណៈពេលដែលលោកកំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ថ្លែងក្នុងកិច្ចជំនួបនេះ លោក វ៉ាង យី បានធ្វើការកោតសរសើរ និងគាំទ្រដល់ការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសកម្ពុជា ព្រមទាំងបានធ្វើការអបអរសាទរចំពោះដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅដោយរលូននៅក្នុងខែមិថុនាកន្លងមកនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជាដែលបានទទួលជោគជ័យដ៏លើសលប់ ហើយលោកសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជានឹងបន្តដឹកនាំប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងយូរអង្វែងតទៅមុខទៀត។ លោក វ៉ាង យី ក៏បានប្តេជ្ញាបន្តជួយជំរុញឱ្យមានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយនានាបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា រួមទាំងខាងវិស័យការពារជាតិផងដែរ។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រពីភាគីមិត្តចិន រាប់ចាប់តាំងពីប្រទេសទាំងពីរមានចំណងការទូតផ្លូវការជាមួយគ្នាអស់រយៈពេល ៦៤ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។
ទន្ទឹមនឹងនេះផងដែរ ប្រទេសទាំងពីរ ក៏មានទស្សនវិស័យដូចគ្នាពោល រួមមាន៖
*ទី១៖ ការការពារសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស ដើម្បីភាពចម្រុងចម្រើនសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ
*ទី២៖ ការការពារសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងសាកលលោក។
ជាចុងក្រោយ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ និងសូមគាំទ្រចំពោះទិសដៅទៅមុខ របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ៕