(ភ្នំពេញ)៖ យោងតាមរបាយការណ៍ស្ដីពីយុទ្ធនាការ៩០ថ្ងៃ នៃការចុះផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន បានបង្ហាញថា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ នេះ មានកម្មករនិយោជិតសរុបចំនួន ២៨ ៣៣៤នាក់ ស្មើនឹង ២៤សហគ្រាស គ្រឹះស្ថាន បានចូលរួមឈ្វេងយល់ស្តីពីរបបសន្ដិសុខសង្គមផ្នែកប្រាក់សោធនមួយ តាមរយៈការចុះផ្សព្វផ្សាយរបស់ក្រុមការងារត្រីភាគី សម្រាប់ការចុះយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន។
តាមរយៈយុទ្ធនាការផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ទទួលបានលទ្ធផលល្អប្រសើរ ដោយមានកិច្ចសហការយ៉ាងល្អពីសំណាក់ភាគីនិយោជក ម្ចាស់សហគ្រាស គ្រឹះស្ថាន ម្យ៉ាងវិញទៀត កម្មករនិយោជិត បានបង្ហាញពីភាពពេញចិត្ត និងសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបង្កើតឱ្យមានរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់វិស័យឯកជននេះឡើង។
សូមបញ្ជាក់ថា ប.ស.ស. បាននិងកំពុងបន្តបង្កើនការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ធ្វើយ៉ាងណាឱ្យពួកគាត់ទាំងអស់បានយល់ដឹងកាន់តែច្បាស់ អំពីការអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធន ដែលជាសមិទ្ធផលដ៏ពិសេសបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃកម្ពុជា ដែលកើតចេញពីស្ថាបនិកសន្តិភាពប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕