(ភ្នំពេញ)៖ ឆ្លើយតបនឹងការអំពាវនាវរបស់លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា ដែលប្រកាសអូសទាញឲ្យកម្មករតាមរោងចក្រចូលរួមធ្វើបាតុកម្មបើសិនមានការចាប់ខ្លួនលោក កឹម សុខា នោះ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ក្រុមសហជីពធំៗ នៅប្រទេសកម្ពុជា ក៏បានចេញមកប្រកាសប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់មួយនេះ និងបានស្នើសុំឲ្យរាជរដ្ឋាភិបាល ចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ សម្រាប់លោក ជួន មុំថុល ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា នៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍ដោយប្រឆាំងដាច់ខាតចំពោះការអំពាវនាវ ឲ្យក្រុមកម្មករចូលរួមធ្វើបាតុកម្ម បើសិនមានការចាប់ខ្លួនលោក កឹម សុខា។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួនលោក ជួន មុំថុល បានបានស្នើសុំឲ្យរាជរដ្ឋាភិបាល អនុវត្តន៍ច្បាប់ម៉ឺងម៉ាត់បំផុត ចំពោះជនទាំងឡាយបំពានច្បាប់ និងសូមអំពាវនាវ ដល់បងប្អូនកម្មករទាំងអស់រក្សាភាពស្ងប់ស្ងាត់ខិតខំធ្វើការរៀងៗខ្លួន។ ដោយឡែកប្រធានសហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា ក៏បានចេញមកជំទាស់ដាច់ខាតរាល់សកម្មភាពរបស់ សហព័ន្ធសហជីព ឬសហជីពទាំងឡាយណា ដែលយកកម្មករនិយោជិតជាឈ្នាន់ញុះញុងឱ្យកម្មករធ្វើកូដកម្មដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លូន និងបំរើឱ្យគណបក្សនយោបាយ ដោយមិនគិតពិចារណានូវផលប៉ះពាល់ ដល់អត្ថប្រយោជន៍ព្រមទាំងជីវភាពរស់នៅ និងអាយុជីវិតរបស់កម្មករនិយោជិត។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍ របស់សហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា ដែលចេញថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។
តាមសេចក្តីថ្លែងការណ៍នេះ សហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា បានធ្វើការអំពាវនាវដល់កម្មករនិយោជិតទាំងអស់ នៅក្នុងរោងចក្រ សហគ្រាសតាមបណ្ដោរាជធានី-ខេត្ត មេត្តាពិចារណា និងកុំជឿតាមការញុះញុងរបស់សហជីពមួយចំនួនដែលខិលខូច យកបងប្អូនជាឈ្នាន់បំរើផលប្រយោជន៍របស់ខ្លួន និងគណបក្សនយោបាយ របស់ពួកគេដោយមិនគិតពីអាយុជីវិតរបស់បងប្អូន។
នៅថ្ងៃដដែលនេះ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង បានផ្តល់កិច្ចសម្ភាសន៍ដល់អង្គភាព Fresh News ដោយបានអំពាវនាវដល់កម្មករ-កម្មការិនីទាំងអស់រក្សាភាពស្ងប់ស្ងាត់ និងធ្វើការងារជាប្រក្រតីភាពចៀសវាងការបង្កចលាចលនានា តាមការអំពាវនាវរបស់លោក ជា មុនី ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោក អ៉ិត សំហេង បានហៅការអំពាវនាវរបស់លោក ជា មុនី ជាការធ្វើផ្ទុយពីច្បាប់ស្តីពីសហជីព ដែលទើបចូលជាធរមានអាចប្រឈមនិងទណ្ឌកម្ម រហូតឈានដល់ការរំលាយចោល។
លោក អ៉ិត សំហេង បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថា ការអំពាវនាវរបស់លោក ជា មុនី កំពុងធ្វើផ្ទុយពីច្បាប់ស្តីពីសហជីប ដែលមិនអនុញ្ញាតឲ្យពាក់ព័ន្ធជាមួយគណបក្សនយោបាយ ឬធ្វើយុទ្ធនាការណាមួយបង្ហាញការគាំទ្រដល់គណបក្សនយោបាយនោះឡើយ។ លោក បានបញ្ជាក់អ្វី ដែលលោក ជា មុនី កំពុងធ្វើអាចប្រឈមការអនុវត្តតាមច្បាប់ស្តីពីសហជីព ដែលមានដូចការពិន័យ ដាក់ទណ្ឌកម្ម និងឈានដល់ការរំលាយចោល។ លោក អ៉ិត សំហេង បានថ្លែងដូច្នេះ «អ្វីដែលគាត់ធ្វើហ្នឹងវាមិនត្រឹមត្រូវ គឺវាផ្ទុយនិងច្បាប់ស្តីពីសហជីព ដែលទើបនឹងចូលជាធរមាននាពេលថ្មីៗនេះ។ ទង្វើរបស់គាត់អាចប្រឈមនិងការពិន័យ ដាក់ទណ្ឌកម្ម និងអាចឈានទៅដល់ការរំលាយចោល»។
លោករដ្ឋមន្រ្តី ក៏បានអំពាវនាវទៅដល់កម្មករ កម្មការិនី រក្សាភាពស្ងប់ស្ងាត់បម្រើការងារជាប្រក្រតី កុំធ្វើតាមការញុះញង់ ដែលនាំឲ្យប៉ះពាល់ ដល់ជីវភាពរបស់ខ្លួន។ លោករដ្ឋមន្រ្តី អ៉ិត សំហេង បានបញ្ជាក់ថា រឿងលោក កឹម សុខា គឺជាការអនុវត្តទៅច្បាប់ក្នុងសំណុំរឿងសញ្ចាកម្ម វាមិនមានអ្វីពាក់ព័ន្ធជាមួយក្រុមកម្មករនោះឡើយ។
ចំណែកនៅថ្ងៃនេះផងដែរ កញ្ញា ធី សុវណ្ណថា ដែលត្រូវបានគេដឹងថា ជាសកម្មជនគណបក្សសង្គ្រោះជាតិដ៏ល្បាញល្បីមួយរូប បានចេញមុខមកប្រកាសជាសាធារណថា រូបនាងនឹងដឹកនាំ ក្រុមបាតុកម្មធ្វើការគាំទ្រចំពោះចំណាត់ការរបស់តុលាការ ទៅលើលោក កឹម សុខា ដែលជាប់ចោទពីបទ «បដិសេធក្នងការចូលខ្លួន មកបំភ្លឺរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ» ប្រសិនបើមានបាតុកម្មប្រឆាំងនឹង ការចាប់ខ្លួនរបស់លោក កឹម សុខា។
កញ្ញា ធី សុវណ្ណាថា បានប្រកាសនៅលើ Facebook របស់កញ្ញាថា «សូមលោក កឹម សុខា មានភាពក្លាហានទទួលខុសត្រូវចំពោះមុខច្បាប់ បើមានបាតុកម្ម ប្រឆាំងការចាប់ខ្លួនលោក កឹម សុខា នាងខ្ញុំ នឹងដឹកនាំបាតុកម្ម គាំទ្រចំណាត់ការរបស់តុលាការ» ក្រៅពីការប្រកាសធ្វើបាតុកម្មគាំទ្រចំណាត់ការរបស់តុលាការ, ក្រុមយុវជនគាំទ្របក្សសង្គ្រោះជាតិរបស់កញ្ញា ធី សុវណ្ណថា រួមនឹងក្រុមនិស្សិតរបស់លោក ស្រី ចំរើន បូករួមនិងសមាគម សហជីពទាំង១២ស្ថាប័ន ក៏នឹងបានចេញលិខិត ប្រកាសគាំទ្រចំពោះអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដែលបានចាត់វិធានការតាមផ្លូវច្បាប់លើកលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
នៅក្នុងញត្តិគាំទ្របានបញ្ជាក់ថា «យើងខ្ញុំជាប្រធានអង្គការ សមាគម សហជីព និងបណ្តាញយុវជន១២ស្ថាប័ន សូមចូលរួមគាំទ្រចំពោះ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលបានចាត់វិធានការតាមផ្លូវច្បាប់លើលោក កឹម សុខា។ យើងខ្ញុំស្នើសុំថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិទាំងអស់ មេត្តាស្វែងយល់ពីច្បាប់ និងគោរពច្បាប់ទាំងអស់គ្នា»៕