(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានថ្លែងថា គិតត្រឹមថ្ងៃឱសានវាទ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ រថយន្តចង្កូតស្តាំគ្មានពន្ធដែលមានស្រាប់នៅកម្ពុជា ប្រមាណជាង៩ពាន់៨រយគ្រឿង បានទៅចុះបញ្ជី និងបង់ពន្ធ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល អនុញ្ញាតឲ្យរថយន្តចង្កូតស្តាំទាំងនោះ អាចបង់ពន្ធបានដោយមិនបាច់កែចង្កូត។
លោក ផា អេង វ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងថា កាលពីពេលកន្លងមក រាជរដ្ឋាភិបាលបានណែនាំ ឱ្យម្ចាស់រថយន្តចង្កូតស្តាំគ្មានពន្ធ ដែលមានស្រាប់នៅកម្ពុជា ចូលខ្លួនទៅចុះបញ្ជី និងប្រកាសពីសិទ្ធិកាន់កាប់ ឱ្យបានត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីអគ្គនាយកដ្ឋានគយ កំណត់អត្តសញ្ញាណរថយន្តចង្កូតស្តាំគ្មានពន្ធ ដែលមានស្រាប់នៅកម្ពុជា បើមិនដូច្នេះទេ រថយន្តដែលមិនបានមកប្រកាសខ្លួន នឹងត្រូវចាត់ទុកថា ជារថយន្តនាំចូលថ្មី។
លោកបានឱ្យដឹងថា ត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលជាថ្ងៃផុតឱ្យសានវាទ មានរថយន្តជិតមួយម៉ឺនគ្រឿង បានចូលខ្លួនមកប្រកាស និងចុះបញ្ជី ក្នុងនោះរថយន្តជាង៣ពាន់គ្រឿងបំពេញកាតព្វកិច្ចពន្ធរួចរាល់ និងនៅសល់ជាង៦ពាន់គ្រឿងឡើយ ដែលមិនទាន់បានបង់ពន្ធ។
លោកបញ្ជាក់ថា ចំពោះរថយន្តចង្កូតទាំងជាង៦ពាន់គ្រឿងមិនទាន់ មានលទ្ធភាពបង់ពន្ធនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងទុកពេលវេលាដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២។
លោកបានពន្យល់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានប្រកាសថា ត្រឹមថ្ងៃទី៣១ កក្កដា ឆ្នាំ២០២២ ឱ្យគាត់មកប្រកាសសិន ដែលបានន័យថា ជាឡានមានស្រាប់នៅក្នុងស្រុក ហើយនៅពេលដែលគាត់មិនទាន់មានថវិកាគ្រប់គ្រាន់ ឬក៏គាត់រវល់អី គឺគាត់មានពេលវេលាទៅដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ»។
សូមរំលឹកថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យរថយន្តចង្កូតស្ដាំគ្មានពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលបង់ពន្ធបានដោយមិនចាំបាច់ប្ដូរចង្កូតពីស្តាំទៅឆ្វេងនោះទេ ប៉ុន្តែ នឹងមិនអនុញ្ញាតឱ្យមានការនាំចូលចង្កូតស្តាំមកកម្ពុជាបន្តទៀតឡើយ ចាប់ពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ តទៅ។
បន្ទាប់ពីការប្រកាសនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអំពាវនាវឱ្យម្ចាស់រថយន្តចង្កូតស្តាំទាំងអស់ចូលខ្លួន ទៅចុះបញ្ជី និងប្រកាសពីសិទ្ធិកាន់កាប់ថា ជារថយន្តដែលមានស្រាប់នៅក្នុងប្រទេស បើទោះបីជាមិនទាន់មានលទ្ធផលបង់ពន្ធក៏ដោយ ដើម្បីឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កត់ត្រាពីចំនួនឱ្យបានជាក់លាក់ បើមិនដូច្នេះទេ នៅពេលដែលសមត្ថកិច្ចគយ និងរដ្ឋាករ ចាប់ផ្តើមចុះបង្រ្កាប នឹងចាត់ទុកថាជារថយន្តថ្មីដែលនាំចូលក្រោយថ្ងៃទី៦ កក្កដា ឆ្នាំ២០២២។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានគយ និងរដ្ឋាកកម្ពុជា បានប្រកាសថា នឹងចាត់វិធានការរិតបន្តឹងយ៉ាងតឹងរឹង នៅតាមមាត់ច្រកព្រំដែន ជាពិសេសច្រកពំ្រដែនកម្ពុជាថៃ ដើម្បីទប់ស្កាត់ការលួចបន្លំនាំចូលរថយន្តចង្កូតស្តាំថ្មីៗពីថៃមកកម្ពុជាបន្តទៀតផងដែរ៕