(ភ្នំពេញ)៖ ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ២១៦គ្រួសារ ក្នុងចំណោម ៣៦៧គ្រួសារមកពីឃុំត្រពាំងជួង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមាន ជម្លោះជាមួយក្រុមហ៊ុនផលិតស្ករសរបស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ បានយល់ ព្រមបញ្ចប់ជម្លោះហើយ បន្ទាប់ពីពួកគេទទួលបានសំណងប្រមាណ ៥០០ដុល្លារពីក្រុមហ៊ុន។
បន្ទាប់ពីព្រមទទួលសំណង ដើម្បីបញ្ចប់ជម្លោះប្រជាពលរដ្ឋទាំង ២១៦គ្រួសារ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ នាំគ្នាជិះរថយន្ត ជាច្រើនមកដកពាក្យបណ្តឹងពីអង្គការសមធម៌កម្ពុជា និង រដ្ឋសភា ដែលពួកគេបានស្វែងរកអន្តរាគមន៍ជួយដោះស្រាយបញ្ហាកាលពីឆ្នាំ២០ ១៤កន្លង ទៅនោះ។
តំណាងប្រជាពលរដ្ឋមកពីឃុំត្រពាំងជួង លោក ចេង សុភាព បានប្រាប់ក្រុមអ្នកព័ត៌មាន បន្ទាប់ពីដកពាក្យបណ្តឹងចេញពីអង្គការថា ប្រជាពលរដ្ឋទាំងអស់មានការសប្បាយរីករាយ ហើយក៏បានយល់ព្រមតាមកោះដោះស្រាយរបស់ក្រុមហ៊ុន ដោយទទួលបានសំណងក្នុងមួយគ្រួ សារ ៥០០ដុល្លារ។ លោក ចេង សុភាព បានឲ្យដឹងថា ប្រជាពលរដ្ឋ ដែលយល់ព្រមទទួលយកការដោះស្រាយនេះ គឺទទួលបានសំណង ៥០០ដុល្លារស្មើៗគ្នា ហើយមិនមានការបង្ខិតបង្ខំអ្វីនោះឡើយ។
លោក ស៊ិន សត្ថា តំណាងក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ របស់លោកឧកញ៉ា លី យ៉ុងផាត់ បានឲ្យដឹងថា នៅមានប្រជាពលរដ្ឋជាង ១០០នាក់ទៀត ដែលកំពុងចរចាដោះស្រាយជាមួយក្រុមហ៊ុន ហើយរំពឹងថា នឹងដោះស្រាយបញ្ចប់នៅខែក្រោយនេះ។
លោក ស៊ិន សត្ថា បានរំលឹកឲ្យដឹងថា ក្រុមហ៊ុនភ្នំពេញស៊ូហ្គឺ បានទទួលសិទ្ធិអភិវឌ្ឍលើដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល នៅក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីឆ្នាំ២០១០។ តំណាងក្រុមហ៊ុនរូបនេះ បានបញ្ជាក់ថា ក្រុមហ៊ុនបានប្រើថវិកាប្រមាណ ២៤០ លានដុល្លារ ដើម្បីដាំអំពៅ និងផលិតរោងចក្រកែច្នៃស្កអំពៅនាំទៅលក់នៅតំបន់អាស៊ី និង អឺរ៉ុប។
ក្រុមហ៊ុន បានផលិត និងនាំចេញស្កអំពៅបានរយៈពេល ៣ឆ្នាំមកហើយ។ បើតាមលោក ស៊ិន សត្ថា តំបន់អភិវឌ្ឍមួយនេះ បានផ្តល់ការងារ ជូនប្រជាពលរដ្ឋប្រមាណជា ៧០០០នាក់ក្នុងរដូវប្រមូលផលម្តងៗ ខណៈរដូវដាំដុះផ្តល់ការងារជូនប្រជាពលរដ្ឋចន្លោះពី ១០០០នាក់ ទៅ ២០០០នាក់។ ប្រជាពលរដ្ឋ ដែលយកមកបម្រើការងារ គឺសុទ្ធតែជាប្រជាពលរដ្ឋនៅរស់នៅក្នុងខេត្តកំពង់ស្ពឺនេះតែម្តង។
ក្រុមប្រជាពលរដ្ឋ ដែលបានយល់ព្រមទទួលសំណងពីខាងក្រុមហ៊ុន ក៏បានមើលឃើញពិភាពល្អប្រសើរនៃការអភិវឌ្ឍរបស់ក្រុមហ៊ុនផងដែរ។ ពួកគេថា ការអភិវឌ្ឍនេះ បានធ្វើឲ្យពួកគេមានការងារធ្វើទៀងទាត់ និងមានជីវភាពល្អប្រសើរមួយកម្រិតថែមទៀត តែពួកគេ ក៏សូមឲ្យក្រុមហ៊ុនកុំអភិវឌ្ឍប៉ះពារជាមួយដីរបស់ពួកគេបន្តទៅទៀត៕