(ភ្នំពេញ)៖ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ទទួលជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោក Abdulnasser Al Shaali ឧបការីរដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃ សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ក្នុងឱកាសដែលលោកមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ដែលជំនួបធ្វើឡើងនៅការិយាល័យរបស់ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ផ្ទាល់ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណ ដល់សហព័ន្ អារ៉ាប់រួមអេមីរ៉ាត ដែលកន្លងមកតែងតែផ្ដល់កិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ក៏ដូចជាតែងតែផ្តល់ជំនួយមនុស្សធម៌ កសាងសាលារៀន មន្ទីរពេទ្យ វិហារឥស្លាម និងផ្ដល់អាហារូបករណ៍ដល់សិស្ស និស្សិតកម្ពុជា ដែលនេះបង្ហាញពីទឹកចិត្តដ៏ធំធេងរបស់ សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ក្នុងការចូលរួមអភិវឌ្ឍន៍កម្ពុជា។

លោកបណ្ឌិតក៏បានថ្លែងអំណរគុណ ចំពោះសហព័ន្ធអារ៉ាប់រួមអេមីរ៉ាតផងដែរ ដែលបានគាំទ្រដល់កម្ពុជាឲ្យក្លាយជា សមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ ក្នុងនាមជាបេសកជនពិសេសរបស់អង្គការ (OIC) ប្រចាំនៅកម្ពុជា លោកក៏បានស្នើដល់សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត សូមឲ្យបន្តជួយសម្របសម្រួលដល់កម្ពុជា ដើម្បីឲ្យក្លាយជាសមាជិកនៃអង្គការនេះ ឲ្យបានឆាប់តាមដែលអាចធ្វើបាន។

បន្ថែមពីនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ក៏បានស្នើដល់សហព័ន្ធអារ៉ាប់រួមអេមីរ៉ាត ឲ្យមកវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម ពីព្រោះកម្ពុជា ជាប្រទេសមួយដែល សម្បូរទៅដោយវត្ថុធាតុដើម ហើយជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ជានិច្ចចំពោះការវិនិយោគរបស់បរទេសនៅកម្ពុជា។ លើសពីនេះទៅទៀត កម្ពុជាជាប្រទេសដែលកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ទាំងនេះជាឱកាសដ៏ប្រសើរ ដើម្បីធ្វើការវិនិយោគ ហើយទទួលបានផលចំណេញច្រើន។

ជាកិច្ចឆ្លើយតប លោក Abdulnasser Al Shaali ក៏បានសម្ដែងនូវអារម្មណ៍សប្បាយរីករាយ ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា-សហព័ន្ធ អារ៉ាប់រួមអេមីរ៉ាត ជាពិសេសកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយវិបត្តិសន្តិសុខស្បៀងអាហារ នៅសហព័ន្ធអារ៉ាប់រួមអេមីរ៉ាត។ លោកបានបន្តថា សហព័ន្ធអារ៉ាប់រួមអេមីរ៉ាតមានបំណងចង់បង្កើនកិច្ចវិនិយោគជាមួយកម្ពុជាក្នុងការនាំចេញអង្ករកម្ពុជា និងដំណាំកសិកម្ម ទៅទីផ្សារនៃប្រទេសរបស់់លោក ក៏ដូចជាទីផ្សារអន្តរជាតិផងដែរ។

សូមរំលឹកថា កន្លែងមកសម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា កម្ពុជាចង់មានទំនាក់ជាមួយបណ្ដាប្រទេសដែលជាសមាជិក OIC ដែលនឹងអាចជួយរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាមួយកម្ពុជា ហើយកម្ពុជាចង់ឲ្យប្រទេសទាំងអស់នោះ ចូលរួមជួយកម្ពុជាទៅដល់ការបណ្ដុះបណ្ដាល ធនធានមនុស្សតាមរយៈការផ្ដល់អាហារូបករណ៍ សម្រាប់ការបណ្ដុះបណ្ដាលនិស្សិតដែលជាសាសនិកឥស្លាម៕