(ភ្នំពេញ)៖ លោកបណ្ឌិត កៅ គឹមហួន រដ្ឋ មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ត្រូវបានប្រកាសតែងតាំង អគ្គលេខាធិការអាស៊ាន ចាប់ពីឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យផ្លូវការពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
ថ្លែងក្នុងសន្និសីទកាសែត នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ អ្នកនាំពាក្យផ្លូវការកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ បានលើកឡើងដូច្នេះថា៖ «នៅក្នុងកិច្ចប្រជុំចង្អៀត(រដ្ឋមន្រ្តីការបរទេសអាស៊ាន) ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ប្រកាសអំពីការតែងតាំងឯកឧត្តមបណ្ឌិត កៅ គឹមហួន រដ្ឋ មន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ជាអគ្គលេខាធិការអាស៊ាន ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៣ ខាងមុខនេះ»។
លោកបានបញ្ជាក់ថា ការតែងតាំងរបស់កម្ពុជានាពេលនេះ ក៏បានទទួលស្វាគមន៍ពីរដ្ឋមន្រ្តីការបរទេសអាស៊ានផងដែរ។
លោកបណ្ឌិត កៅ គឹមហួន ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស៣នាក់ ដែលរាជរដ្ឋាភិបាលកម្ពុជា ស្នើធ្វើជាអគ្គលេខាធិការអាស៊ាន ឆ្នាំ២០២៣ នៅពេលដែលដល់វេនប្រទេសកម្ពុជា។ នេះជាលើកទី១ហើយ ដែលកម្ពុជាមានឱកាសធ្វើជា អគ្គលេខាធិការអាស៊ាន បន្ទាប់ពីកម្ពុជាបានចូលជាសមាជិកអាស៊ាន កាលពីឆ្នាំ១៩៩៩។
តាមមាត្រា ១១ នៃធម្មនុញ្ញអាស៊ានបានឱ្យដឹងថា អគ្គលេខាធិការអាស៊ាន នឹងត្រូវបានតែងតាំងជាផ្លូវការ ដោយកិច្ចប្រជុំកំពូលអាស៊ាន សម្រាប់អាណត្តិប្រាំឆ្នាំ ដែលអាណត្តិនេះមិនអាចបន្តទៀតបានទេ ហើយត្រូវជ្រើសរើសចេញពីក្នុងចំណោមជនជាតិនៃ រដ្ឋសមាជិកអាស៊ាន ផ្អែកទៅលើការប្ដូរវេនគ្នាតាមលំដាប់អក្ខរក្រមនៃឈ្មោះរដ្ឋសមាជិក ដោយពិចារណាល្អិតល្អន់ទៅលើសុច្ចរិតធម៌ សមត្ថភាព បទពិសោធន៍វិជ្ជាជីវៈ និងសមភាពយេនឌ័រ។
សូមរំលឹកថា អាស៊ាន ត្រូវបានបង្កើតឡើងជាផ្លូវការ នៅក្នុងឆ្នាំ១៩៦៧ ហើយពេលនោះ អាស៊ាន មិនទាន់មានអគ្គលេខាដ្ឋាននៅឡើយនោះទេ ហើយអគ្គលេខាធិការដ្ឋាននេះ ទើបតែត្រូវបានបង្កើត នៅឆ្នាំ១៩៧៦ ប៉ុណ្ណោះ។ រហូតមកដល់ពេលនេះ សមាជិកអាស៊ាន មានចំនួន១០ប្រទេស រួមមាន៖ ព្រុយណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន, សិង្ហបុរី, ថៃ និងវៀតណាម៕