(ភ្នំពេញ)៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប ម្ចាស់បុរីពិភពថ្មី និង ជាម្ចាស់គ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី បានសម្រេចផ្តល់ថវិកា ៣៦ម៉ឺនដុល្លារ ដល់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
យោងតាមបុគ្គលិកបម្រើការងារនៅក្រុមហ៊ុនពិភពថ្មី បានឲ្យដឹងថា ថវិកានេះ ផ្តល់សម្រាប់ជួយសាងសង់ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស តបតាមការអំពាវនាវរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានធ្វើការអំពាវនាវស្វែងរកថវិកាពីសប្បុរសជន សាងសង់ទីបញ្ជាការដ្ឋាន សម្រាប់ឲ្យកងរាជអាវុធមានកន្លែងបម្រើការសមរម្យ។
អ្នកឧកញ៉ា ហុង ពីវ ត្រូវបានបងប្អូនប្រជាពលរដ្ឋកោតសរសើរថា ជាឧកញ៉ា ដែលមានសណ្តានចិត្តសណ្តុះប្រពៃណី និងទូលំទូលាយ តែងចូលរួមក្នុងការងារមនុស្សធម៌ជួយសង្គម និងជនទីទ័លក្រ ហើយតែងបានជួយឧបត្ថម្ភដល់បុគ្គលិក ដែលមានការខ្វះខាតផងដែរ។ ក្នុងពិធីអបអរសាទរខួប ១៥៣ឆ្នាំ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហមខួបនាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៦កន្លងទៅនេះ អ្នកឧកញ៉ា ហុង ពីវ បានឧត្ថម្ភថវិកាសម្រាប់ទ្រទ្រង់សកម្មភាពមនុស្សធម៌ ដល់កាកបាទក្រហមកម្ពុជា ១លាន ២សែន ៨ម៉ឺនដុល្លារអាមេរិក ហើយឆ្នាំកន្លងទៅ បានឧត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផា ១លានដុល្លារ៕