(ភ្នំពេញ)៖ កិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៥ រយៈពេលពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ ២៧ ខែឧសភា ឆ្នាំ២០៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ នៅរសៀលថ្ងៃទី២៧ ខែឧសភានេះ។
ជាលិទ្ធផល កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី២៥នេះ បានសម្រេច និងឯកភាពលើការងារមួយចំនួន ដូចខាងក្រោម៖
១- ពិនិត្យវឌ្ឍនភាពការងារ នៃការអនុវត្តន៍ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍគយ ២០១៦-២០២០ ដែលអនុវត្តដោយក្រុមការងារ កិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ, ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោកភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ
២- អនុម័តលើផែនការគោលដៅ ទូលំទូលាយរបស់រដ្ឋបាលគយអាស៊ាន ឆ្នាំ២០១៦-២០២៥
៣- អនុម័តលើគម្រោងក្រុមការងារ គ្រប់គ្រងមជ្ឍមណ្ឌលប្រព័ន្ធ ឆ្លងកាត់គយអាស៊ាន
៤- ពន្លឿនការអនុម័តតារាង នាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧ ដែលមាន៩៧ជំពូក នាពេលដ៏ខ្លីសមស្របខាងមុខ
៥- ជំរុញឲ្យប្រទេសជាសមាជិកអាស៊ាន ពន្លឿននីតិវិធីផ្ទៃក្នុងរបស់ខ្លួន ក្នុងការរៀបចំ និងចុះហត្ថលេខា ដោយរដ្ឋមន្រ្ដីហិរញ្ញវត្ថុអាស៊ាន លើពិធីសារទី២ ស្ដីពីការកំណត់មាត់ច្រកព្រំដែនឆ្លងកាត់
៦- ជំរុញឲ្យប្រទេស ជាសមាជិកអាស៊ានពន្លឿន នីតិវិធីផ្ទៃក្នុងរបស់ខ្លួន ក្នុងការផ្ដល់សច្ចាប័ន លើពិធីសារទី៧ ស្ដីពីប្រព័ន្ធដឹកជញ្ចូនឆ្លងកាត់
៧- ជ្រើសរើសរដ្ឋាភិបាលគយកម្ពុជា ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មការធិការ សម្របសម្រួលគយអាស៊ានលើកទី២៥ និងលើកទី២៦ សម្រាប់ឆ្នាំ២០១៦-២០១៧។
ទទឹមនឹងនេះ កិច្ចប្រជុំអគ្គនាយកអាស៊ាន ក៏បានប្រជុំពិគ្រោះយោលបល់ ជាមួយគណៈប្រតិភូរដ្ឋបាលគយ ចិន ជប៉ុន កូរ៉េ និងការិយាល័យតំបន់អាស៊ីប៉ាស៊ីហ្វិក ទទួលបន្ទុកកសាងសមត្ថភាព របស់អង្គការគយពិភពលោក ដើម្បីពិនិត្យវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការ និងពិភាក្សាយុទ្ធសាស្រ្ដ ក្នុងការលើកកម្ពស់កម្រិត កិច្ចសហប្រតិបត្តិការ ពាក់ព័ន្ធនឹងការងារគយ ហើយបានពិគ្រោះយោបល់ ជាមួយតំណាងវិស័យឯកជនសំខាន់ៗចំនួនបីរួមមាន៖
១- ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន អាមេរិច
២- ក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន អ៊ឺរ៉ុប
៣- បញ្ញើរហ័សអាស៊ី-ប៉ាស៊ីហ្វិក ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយ និងវិស័យឯកជន ដើម្បីលើកកម្ពុជាកិច្ចសម្រួលពាណិជ្ជកម្ម។
ឆ្លៀតឱកាសក្នុងកិច្ចប្រជុំអគ្គនាយកគយអាស៊ានលើកទី២៥នេះ គណៈប្រតិភូនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដឹកនាំដោយលោក គុណ ញឹម មានប្រារព្ធកិច្ចប្រជុំទ្វេភាគីរវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយទាំង៥ រួមមាន រដ្ឋបាលគយចិន រដ្ឋបាលគយកូរ៉េ រដ្ឋបាលគយថៃ រដ្ឋបាលគយវៀតណាម និងរដ្ឋបាលគយឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន និងជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។
លើសពីនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាក៏បានប្រជុំទ្វេភាគី ជាមួយនឹងសមាគមវិស័យឯកជនសំខាន់ៗចំនួន៣ ខាងលើ ក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងកិច្ចសហការរវាងរដ្ឋបាលគយកម្ពុជា វិស័យឯកជន ពិភាក្សាលើបញ្ហា និងសំណូមពរ ព្រមទាំំងពិនិត្យរកដំណោះស្រាយ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មកម្ពុជា។
កិច្ចប្រជុំបានបញ្ជាក់ប្រកបដោយជោគជ័យ ក្នុងបរិយាកាសសហប្រតិបត្តិការ និងមិត្តភាពសិទ្ធស្នាល។ គួរបញ្ជាក់ថា កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី២៦ នឹងប្រព្រឹត្តទៅនៅប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៧៕