(កំពង់ឆ្នាំង)៖ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ បានផ្ដល់កិច្ចសម្ភាស៍ជាមួយបណ្ដាញព័ត៌មាន Fresh News ថា ប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំង គិតមកដល់ថ្ងៃនេះ ធ្វើស្រែវស្សាបានចំនួន ១១០.០០០ហិកតា លើផែនការសរុប ១២០.០០០ហិកតា គឺបានជិតរួចរាល់១០០ភារយ។
លោក ងិន ហ៊ុន បានបញ្ជាក់ឱ្យដឹងទៀតថា បើប្រៀបធៀបជាមួយរយៈពេលដូចគ្នាកាលពីឆ្នាំមុន គឺឆ្នាំនេះការធ្វើស្រែវស្សាបានយឺតយ៉ាវជាងឆ្នាំមុនប្រមាណ ១ម៉ឺនហិកតា ដោយសារស្ថានភាពភ្លៀងឆ្នាំនេះ បានធ្លាក់ពីដើមរដូវជាបន្ត បន្ទាប់ជាប់ៗគ្នាធ្វើឱ្យដីស្រែនៅតាមតំបន់មួយចំនួនលិចទឹកយូរថ្ងៃ ដែលមិនអាចឲ្យប្រជាកសិករយើងភ្ជួររាស់សាបព្រោះបាន។
ដោយឡែកជំនន់ទឹកភ្លៀងនៅតំបន់អន្លង់ជ្រៃ ក្នុងស្រុកសាមគ្គីមានជ័យ និងជំនន់ទឹកភ្លៀងបាក់ទំនប់ចាក់ទឹមនៅក្នុងស្រុកទឹកផុសក្នុងពេលកន្លងមកនោះ គឺជំនន់ទឹកភ្លៀងបានជន់លិចស្រូវក្នុងស្រែរបស់ពលរដ្ឋក្នុងមូលដ្ឋានមួយចំនួន រយៈពេលតែ២-៣ថ្ងៃប៉ុណ្ណោះ មិនបង្កឲ្យស្រូវក្នុងស្រែរបស់ប្រជាពលរដ្ឋរងការខូចខាតនោះឡើយ។ ចំណែកដំណាំកសិកម្ម និងដំណាំដាំនៅតាមគ្រួសារមួយចំនួន ដែលបានដាំដុះនៅតាមមូលដ្ឋាន និងតំបន់ខ្ពង់រាបនោះ ក៏ពុំមានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនោះដែរ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរកសិកម្ម បានសំណូមពរដល់ប្រជាកសិករខេត្តទាំងអស់ សូមតាមដាននូវការប្រកាសព័ត៌មានព្យាករណ៍អំពីអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយសូមប្រុងប្រយ័ត្នទឹកជំនន់ ភ្លៀងផ្គរ និងរន្ទះ ដែលអាចធ្វើឱ្យយើងបាត់បង់ទ្រព្យសម្បត្តិ និងអាយុជីវិត៕