(សៀមរាប)៖ មនុស្ស៣នាក់ បានស្លាប់ និង ៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររវាងរថយន្តដឹកភ្ញៀវទេសចរជនជាតិបរទេស បុកគោយន្តកន្ត្រៃ ១គ្រឿង។ ហេតុការណ៍នេះកើតឡើងកាលពីល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News តាមទូរស័ព្ទនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២២ថា នៅមុនពេលកើតហេតុ មានរថយន្តក្រុងម៉ាក Hyundai ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3E. 1209 បើកបរក្នុងទិសដៅពីកើតទៅលិច ភ្ញៀវទេសចរបរទេស ៨នាក់ ហើយបានបុកគោយន្តកន្ត្រៃ ១គ្រឿង ម៉ាកគូប៊ូតា ពណ៌ក្រហម គ្មានផ្លាកលេខ បើកបរដោយឈ្មោះ គឹម កាន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បើកពីលិចទៅកើត មានអ្នករួមដំណើរជាមួយចំនួន ៨នាក់។
គ្រោះថ្នាក់នេះ បណ្តាលឱ្យអ្នកជិះគោយន្តកន្ត្រៃចំនួន៣នាក់ស្លាប់បាត់បង់ជីវិត រួមមានទី១៖ ឈ្មោះ សាមិន ម៉ាន់, ទី២៖ ឈ្មោះ គឹម កាន និងទី៣៖ ឈ្មោះ ឆូត ឆវី។ ចំណែកភ្ញៀវទេសចរបរទេសដែលជិះលើរថយន្តទេសចរណ៍វិញ បានរងរបួសស្រាលចំនួន ០៨នាក់ ស្រី០៥នាក់។
ក្រោយពេលកើតហេតុ កម្លាំងជំនាញបានចុះពិនិត្យ និងប្រមូលវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕