(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្តកំពង់ធំ និងជាប្រធានក្រុមការងារបង្រ្កាបបទល្មើសនេសាទបឹងទន្លេសាប ចុះទប់ស្កាត់កុំឱ្យប្រជានេសាទ នេសាទហួសដែនកំណត់ លក្ខណៈទ្រង់ទ្រាយធំ ការពារកុំឱ្យដាច់ពូជត្រី នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២។
ប្រធានក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានដឹកនាំកម្លាំងចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុចចាប់ពីមាត់ព្រែកអំបែងចែស ដល់កោះបឹងស្រែ ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាលទ្ធផលរួមមាន៖
*បង្កសំណុំរឿងបានចំនួន០១ករណី
*រុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែង មាន របាំងសាច់អួនក្រឡាញឹកចំនួន១៣របាំង ប្រវែង ៣៩០០ម៉ែត្រ ឡុកចំនួន២៦គ្រឿង លបលូចំនួន៣៣មាត់ បង្គោលចំនួន២៥០០ដើម ចាក់លែងត្រីស្រស់ចំរុះ ចំនួន៥០គីឡូក្រាមចូលទន្លេវិញ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានបញ្ជាក់ថា បទល្មើសនេសាទលក្ខណៈទ្រង់ទ្រាយធំ កំពុងតែរីករាលដាលជាបន្តបន្ទាប់ ហេតុនេះហើយលោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ដឹកនាំក្រុមការងារចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាបជាបន្ទាន់ នេះរដូវទឹកឡើងជារដូវត្រីពង ដើម្បីការពារធនធានធម្មជាតកើតឡើងវិញ៕