(មណ្ឌលគិរី)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃនានា ឱ្យបានគង់វង្ស ដូចនឹងការរក្សាមាសបៃតង ដើម្បីទាញចំណូលផ្នែកទេសចរណ៍ធម្មជាតិ ចាក់ចូលសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
បច្ចុប្បន្ននេះ គឺមានប្រជាពលរដ្ឋជាច្រើនបាននឹងកំពុងទទួលផលប្រយោជន៍ជាច្រើនពីកិច្ចខិតខំប្រឹងប្រែងការពារធនធានធម្មជាតិ និងអភិរក្សសត្វព្រៃនានា តាមរយៈការនាំភ្ញៀវទស្សនាសត្វព្រៃ ធ្វើម្ហូបអាហារ និងកន្លែងស្នាក់នៅជាដើម។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា៖ «ខេត្តមណ្ឌលគិរី គឺជាតំបន់មួយមានសក្តានុពលផ្នែកសេដ្ឋកិច្ច ប៉ូលសេដ្ឋកិច្ចទី៤ គឺនៅភូមិភាគឦសាននេះហើយ អ៊ឹចឹងអ្វីដែលយើងខិតខំប្រឹងប្រែង គឺការថែរក្សានូសម្បត្តិធម្មជាតិរបស់យើង ដើម្បីជាមាសខៀវ ដែលយើងអាចទាក់ទាញបានចំណូលច្រើន»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានបញ្ជាក់ថា សត្វព្រៃ និងធនធានជាតិនានាដែលមាននៅក្នុងប្រទេសកម្ពុជា គឺជាសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា ដូច្នេះ ប្រសិនបើបងប្អូនចូលព្រៃដាក់អន្ទាក់គឺទទួលបានសាច់របស់វា ឬក៏យកទៅលក់ដូរបានប្រាក់បន្តិចបន្តួចហើយបរិភោគតែមួយថ្ងៃ ឬ២ថ្ងៃវានឹងអស់ជាក់ជាមិនខាន ប៉ុន្តែ បើរក្សាការពារពពួកសត្វព្រៃឱ្យរស់នៅគង់វង្សក្នុងព្រៃពួកវានឹងក្លាយជាប្រភពធនធានដ៏សម្បូរបែប និងប្រែក្លាយជាធនាគារ ដែលដកហូតចេញពីទេសចរណ៍ធម្មជាតិដោយមិនចេះរីងស្ងួត។
លោក នេត្រ ភក្ត្រា បានបន្ថែមថា ដើម្បីប្រសិទ្ធភាព និងពង្រឹងវិធានការការពារ និងអភិរក្សធនធានធម្មជាតិរួមមានព្រៃ ឈើ សត្វព្រៃ និងជីវៈចម្រុះផ្សេងទៀត ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខ យើងចាំបាច់ត្រូវ មានផែនការ យុទ្ធសាស្ត្រ ដំណោះស្រាយសមស្របនោះ គឺធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុង និងជុំវិញតំបន់តំបន់ការពារធម្មជាតិ មានជីវភាពល្អប្រសើរ ទទួលបានការអប់រំបណ្តុះបណ្តាលមានចំណេះដឹង និងចូលរួមទទួលខុសត្រូវលើ ការងារការពារ និងអភិរក្សហើយទទួលបានផលប្រយោជន៍ពីកិច្ចការអភិរក្សនេះ។ ជាមួយគ្នានេះក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រផ្នែកបច្ចេកទេស និងមធ្យោបាយដើម្បីពង្រឹងសមត្ថភាពសហគមន៍ទេសចរណ៍ធម្មជាតិ។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ គោលនយោបាយនេះបានក្លាយជាការពិតហើយបាននឹងកំពុងតែអនុវត្ត និងផ្តល់ផ្លែផ្កា ខណៈក្រសួងស្ថាប័នពាក់ព័ន្ធបាននឹងកំពុងជំរុញ និងអភិវឌ្ឍវិស័យ ទេសចរណ៍ធម្មជាតិនៅតាមតំបន់ការពារ ធម្មជាតិនានាក្នុងប្រទេសកម្ពុជា។ ទីតាំងមួយចំនួនក្នុងតំបន់ការពារធម្មជាតិដែលពោរពេញដោយសក្តានុពលទេសចរណ៍។
លោកស្រី ឆាយ គឹមហៀក ប្រធានផ្នែកសហគមន៍ររេដបូកកែវសីមានៃអង្គការ WCS ដែលអនុវត្តគម្រោងរួមគ្នាជាមួយមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៃក្រសួងបរិស្ថាន បានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងចូល ការពារធនធានជាតិ សម្រាប់ឆ្នាំ២០២២នេះ សហគមន៍នៅដែនជម្រកសត្វព្រៃកែវសីមា ទទួលបានថវិកា ៦០ម៉ឺនដុល្លារ ពីការលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្ត ដែលមានកំណើន៣ដង បើប្រៀបធៀបនឹងឆ្នាំ២០២១។
លោកស្រីបានបង្ហាញក្តីរំពឹងថា នៅឆ្នាំ២០២៣ ខាងមុខនេះ ថវិកាដែលបានមកពីការលក់ឥណទានកាបូនក្នុងទីផ្សារស័គ្រចិត្តដែលនឹងធ្វើវិភាជដល់សហគមន៍នៃអាចកើនដល់ ១លានដុល្លារ ប៉ុន្តែទាល់តែមានការខិតខំចូលរួមពីសហគមន៍នៅក្នុងដែនជម្រកជាដើម។
ក្រុមហ៊ុនដែលបានទិញឥណទាន ការបូនក្នុងទីផ្សារស្ម័គ្រចិត្តមានក្រុមហ៊ុន Disney និងក្រុមហ៊ុន Gucci ជាដើម។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្តនេះ។
បើតាម លោក សេង ទៀក នាយកអង្គការមូលនិធិសកល ដើម្បីអភិរក្សធនធានធម្មជាតិ ប្រចាំប្រទេសកម្ពុជា (WWF) ក៏បានលើកឡើងពីប្រយោជន៍យ៉ាងសំខាន់មិនអាចកាត់ថ្លៃបានរបស់សត្វព្រៃ។ លោកក៏បានលើកឡើងពីគុណប្រយោជន៍នៃសត្វខ្លាធំ ដែលត្រូវបានអភិរក្សនៅប្រទេសឥណ្ឌា ដែលនៅក្នុងមួយជីវិតរបស់វាអាចបង្កើនចំណូលថវិកាជាតិ តាមរយៈទេសចរណ៍ទស្សនាសត្វខ្លាធំនេះ ដោយអាចរកចំណូលរាប់លានដុល្លារមុននឹងវាបាត់បង់ជីវិត។
អ្នកនាង Andrea Pavlick នាយកស្តីទីនៃការិយាល័យកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាពនៃទីភ្នាក់ងារ USAID ប្រចាំកម្ពុជា បានថ្លែងថា សត្វព្រៃជាផ្នែកមួយដ៏សំខាន់នៃបេតិកភណ្ឌជាតិរបស់ប្រទេសកម្ពុជា ហើយក៏ជាផ្នែកដ៏សំខាន់មួយនៃការអភិវឌ្ឍដែលផ្តល់ អត្ថប្រយោជន៍ទាំងសេដ្ឋកិច្ចជាតិ និងជីវភាពរស់នៅរបស់ប្រជាជន។
មន្ត្រីនៃទីភ្នាក់ងារ USAID រូបនេះ បានបន្តថា ខ្សែច្រវាក់តម្លៃដែលរួមបញ្ចូលវិស័យអេកូទេសចរណ៍ធម្មជាតិ ការកាត់បន្ថយការបំភាយឧស្ម័ន ដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើ (RED D+) និងរបស់ប្រើប្រាស់ដែលមានមេត្រីភាពចំពោះការអភិរក្សពិតជាអាចផ្តល់នូវការជំរុញទឹកចិត្តដ៏មានឥទ្ធិពល ដើម្បីដោះស្រាយវិបត្តិអន្ទាក់ និងការគំរាមកំហែងផ្សេងៗទៀត ដល់ជីវៈចម្រុះរបស់ប្រទេសកម្ពុជា។
លោក ញ៉ែម សុធន ប្រធានគ្រប់គ្រងគម្រោងកែវសីមា នៃអង្គការ WCS Cambodia បានថ្លែងថា ការគំរាមកំហែងដ៏ធំចំពោះពពួកសត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ គឺការបរបាញ់ដោយមិនរើសមុខ ជាពិសេសតាមរយៈការប្រើប្រាស់អន្ទាក់លួស។
លោកបានបន្តថា អង្គការ WCS Cambodia ដោយមានកិច្ចសហការជាមួយក្រសួងបរិស្ថាន និងសហគមន៍មូលដ្ឋាន ប្តេជ្ញាពង្រឹងវិធីសាស្រ្ត និងធនធានជាយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងនឹងការដាក់អន្ទាក់សត្វខុសច្បាប់ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា នៃខេត្តមណ្ឌលគិរី។
គួរជម្រាបថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តមណ្ឌលគិរី ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) អង្គការជីវិតសត្វស្លាបកម្ពុជា (BirdLife) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) និងអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិ (Wild Earth Allies) និងអង្គការអភិរក្សអន្តរជាតិ CI និងអ្នកពាក់ព័ន្ធ បានបើកយុទ្ធនាការអន្ទាក់សូន្យ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ថ្មីៗនេះ នៅខេត្តមណ្ឌលគិរី៕