(ក្រចេះ)៖ រដ្ឋបាលខេត្តក្រចេះ បានចេញមកពន្យល់បំភ្លឺជូនប្រជាពលរដ្ឋពាក់ព័ន្ធនឹងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ស្ថិតនៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីទប់ស្កាត់ការចាញ់ បោកជនខិលខូចដែលបានឃោសនាបំភ្លៃឆបោកប្រជាពលរដ្ឋ ដែលឈានទៅដល់ការខាតបង់លុយកាក់ ដោយសារតែមិនបានក្ដាប់ព័ត៌មានឱ្យបានច្បាស់លាស់។

តាមរយៈសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២នេះ បានឱ្យដឹងថា ការចេញមកបំភ្លឺជូនប្រជាពលរដ្ឋនេះ គឺដោយសារកន្លងមកមានមេក្លោងមួយចំនួនបានផ្សព្វផ្សាយថា ពួកគេនឹងចែកដីនៅទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន ជូនប្រជាពលរដ្ឋ។

ត្រង់ចំណុចនេះ រដ្ឋបាលខេត្តក្រចេះបានបញ្ជាក់ថា «គណៈកម្មាធិការគ្រប់គ្រង ប្រើប្រាស់ និងបែងចែកដីរដ្ឋថ្នាក់ខេត្ត បានកំណត់ទីតាំងដីសម្បទានសង្គមកិច្ចនៅក្នុងឃុំកំពង់ចាមរួចហើយ។ ហេតុនេះសូមប្រជាពលរដ្ឋ ឈប់ជឿលើការញុះញង់របស់មេក្លោងទាំងនោះ ដែលបានកៀរគរប្រមូលផ្ដុំឡើងទៅតវ៉ានៅខេត្ត និងរាជធានីភ្នំពេញ»

រដ្ឋបាលខេត្តក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបញ្ឈប់ការប៉ុនប៉ងចូលកាប់ទន្ទ្រានហ៊ុព័ទ្ធយកដីព្រៃរបស់រដ្ឋបន្តទៀត ព្រោះទង្វើនេះជាការប្រព្រឹត្តខុសច្បាប់ព្រៃឈើ ហើយទីតាំងដីនេះត្រូវចុះបញ្ជីជាដីឯកជនរបស់រដ្ឋ ដែលរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិជាដីសម្បទានសេដ្ឋកិច្ចជូនក្រុមហ៊ុន ស៊ី អេច ភី ប៊ី ឌីវេឡុបមេន វិនិយោគតាំងពីឆ្នាំ២០០៨មកម្ល៉េះ។

រដ្ឋបាលខេត្តក្រចេះបានសង្កត់ធ្ងន់ថា «ក្នុងករណីប្រជាពលរដ្ឋក្រីក្រ គ្មានដី ខ្វះដីសម្រាប់ប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារពិតប្រាកដ សូមទៅដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចតាមរយៈភូមិ/ឃុំដែលសាម៉ីខ្លួនរស់នៅ»

ខាងក្រោមនេះគឺជាសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តក្រចេះ៖