Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

តារាសម្តែងល្បីល្បាញមួយរូបរបស់កម្ពុជា ប្រកាសគាំទ្រចំណាត់ការតុលាការ «ដើម្បីស្វែងរកយុត្តិធម៌ជូនកញ្ញា ស្រីមុំ»

27-05-2016 17:43

(ភ្នំពេញ)៖ តារាសម្តែងល្បីល្បាញមួយរូបរបស់កម្ពុជា អ្នកស្រី ចន ច័ន្ទលក្ខិណា នៅថ្ងៃនេះបានចេញមុខមកប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំណាត់ការរបស់តុលាការ ដើម្បីស្វែងរកយុត្តិធម៌ជូនកញ្ញា ខុម ច័ន្ទតារាទី ហៅស្រីមុំ ព្រោះកម្ពុជាជាប្រទេសមានច្បាប់ទម្លាប់ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែគោរពច្បាប់ដែលមានជាធរមាន។ នេះបើយោងតាម Facebook របស់អ្នកស្រី ចន ច័ន្ទលក្ខិណា បង្ហាញនៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។

អ្នកស្រី ចន ច័ន្ទលក្ខិណា បានបញ្ជាក់ក្នុងនាមជាបង, ស្រ្តីម្នាក់ និងសិល្បៈការិនីផ្សេងទៀតថា សូមគាំទ្រនិងលើកទឹកចិត្តដល់ប្អូនស្រី ឲ្យមានភាពរឹងមាំ បន្តការងារដើម្បីស្វែងរកយុត្តិធម៌ ដែលប្អូនត្រូវបានបំពានដោយជនទុច្ចរិត និងខ្វះការទទួលខុសត្រូវ។

តារាសម្តែង ចន ច័ន្ទលក្ខិណា បានបង្ហាញនិងគាំទ្រនៅលើ Facebook របស់អ្នកស្រីយ៉ាងដូច្នេះថា៖ «ក្នុងនាមជាស្ត្រីដូចគ្នា សូមគាំទ្រនូវចំណាត់ ការតុលាការ ដើម្បីស្វែងរកយុត្តិធម៌ជូនកញ្ញា ខុម ចន្ទតារាទី ហៅ ស្រីមុំ អាស្រ័យដោយកម្ពុជា ជាប្រទេសមានច្បាប់ទំលាប់ និងប្រជាពលរដ្ឋគ្រប់រូប ត្រូវតែគោរពច្បាប់ ដែលមានជាធរមាន។ ក្នុងនាមបង ជាស្ត្រីម្នាក់ និងសិល្បៈការនីផ្សេងទៀត នៅតែគាំទ្រ និងលើកទឹកចិត្តដល់ប្អូនស្រីឲ្យមានភាព រឹងមាំ បន្តការងារដើម្បីស្វែងរកយុត្តិធម៌ ដែលប្អូនត្រូវបានបំពានដោយជនទុច្ចរិត និងខ្វះការទទួលខុសត្រូវ។ យើងទាំងអស់គ្នា ជាស្ត្រីនៅតែបន្តគាំទ្រ និងយកចិត្តទុក្ខដាក់ចំពោះប្អូនស្រី»

សូមជំរាបថា នៅរសៀលថ្ងៃមិញនេះ កញ្ញា ធី​ សុវណ្ណថា ដែលត្រូវបានគេដឹងថា ជាសកម្មជនគណបក្សសង្គ្រោះជាតិដ៏ល្បាញល្បីមួយរូប បានចេញមុខមកប្រកាសជាសាធារណថា រូបនាងនឹងដឹកនាំ ក្រុមបាតុកម្មធ្វើការគាំទ្រចំពោះចំណាត់ការរបស់តុលាការ ទៅលើលោក កឹម សុខា ដែលជាប់ចោទពីបទ «បដិសេធក្នងការចូលខ្លួន មកបំភ្លឺរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ» ប្រសិនបើមានការធ្វើបាតុកម្មប្រឆាំងនឹង ការចាប់ខ្លួនរបស់លោក កឹម សុខា៕