(រតនគិរី)៖ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តរតនគិរី បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៨ អាណត្តិទី៣ ក្រោមអធិបតីភាពលោក ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអភិបាលរងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ នាយក នាយករងរដ្ឋបាលសាលាខេត្ត និងមន្រ្តីពាក់ពន្ធ ដើម្បីពិនិត្យ ពិភាក្សា កែលម្អរបាយការណ៍ប្រចាំខែពិនិត្យលទ្ធផល ការងារដែលបានអនុវត្តន៍កន្លងមកដែលមានរបៀបវារៈនៃកិច្ចប្រជុំដូចខាងក្រោម៖
១៖ បើកកិច្ចប្រជុំ
២៖ ពិនិត្យកូរ៉ុម
៣៖ ពិនិត្យ ពិភាក្សានិងអនុម័ត សេចក្តីព្រាងកំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្ត
៤៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែកក្កដា ឆ្នាំ២០២២ និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២២ របស់រដ្ឋបាលខេត្ត។
*ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២២
៥៖ ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្ដីព្រាងគម្រោងផែនការចំណូល-ចំណាយថវិការបស់រដ្ឋបាលខេត្ត សម្រាប់គ្រប់គ្រងឆ្នាំ២០២៣ ។
៦៖ ផ្សេងៗ
៧៖ បូកសរុបលទ្ធផល និងបិទអង្គប្រជុំ
ក្នុងកិច្ចប្រជុំលោក ញ៉ែម សំអឿន បានសំណូមពរដល់ការិយាល័យលេខាធិការក្រុមប្រឹក្សាខេត្តធ្វើយ៉ាងណាឲ្យមានភាពសុក្រិត និងមានអត្ថន័យខ្លឹមសារដូចជាអក្ខរាវិរុទ្ធត្រឹមត្រូវ ប្រសិនបើមិន ច្បាស់ត្រង់ចំណុចណាពាក់ព័ន្ធ និងអង្គភាពណាមួយសូមជូនដំណឹងដល់អង្គភាពនោះ ដើម្បីជួយបំភ្លឺឲ្យបានច្បាស់លាស់។
លោកបានសំណូមពរដល់សមាជិកក្រុមប្រឹក្សាខេត្ត មេត្តាជួយជំរុញការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានរីកចម្រើនជាងនេះបន្តទៀត។
លោកក៏បានថ្លែងការកោតសរសើ ការអនុវត្តវិន័យ និងការលើកកម្ពស់អនាម័យតាមបណ្ដាក្រុងស្រុកគ្រប់ស្ថាប័នទាំងអស់ និងតាមបណ្ដោដងផ្លូវមានភាពល្អប្រសើរ ទោះបីកន្លងមកនេះស្ថិតក្នុងបរិបទកូវីដ-១៩ ក៏ពិតមែន ចំពោះការចាក់វ៉ាក់សាំងដូសជំរុញត្រូវតែមានការជំរុញបន្តទៀតដើម្បីឲ្យស្ថានភាពការរីករាលដាល ជំងឺនះមានការថយចុះ។
លោក ណាប់ ប៊ុនហេង បានថ្លែងថា តាមរយៈការចូលរួមធ្វើការពិនិត្យ ពិភាក្សា ឆ្លុះបញ្ចាំងមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់លោក លោកស្រីសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានមន្ទីរអង្គភាព និងអ្នកពាក់ព័ន្ធទាំងអស់បានញ៉ាំងឲ្យដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៣៨របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និងទទួលបានលទ្ធផលតាមការគ្រោងទុក៕