(រុស្ស៊ី)៖ ប្រទេសរុស្ស៊ីបានប្រកាសថាខ្លួន កំពុងតែពិចារណាលើការកសាងមូលដ្ឋានទ័ពជើងទឹក ដែលអាចទៅរួចនៅកោះ Matua នៃប្រជុំកោះ Kurils ស្ថិតនៅភាគខាងជើងនៃប្រទេសជប៉ុន និង ភាគខាតកើតនៃប្រទេសរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាល្ងាចថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០១៦។
ការថ្លែងរបស់មេបញ្ជាការយោធាប្រចាំតំបន់ភាគកើត របស់ប្រទេសរុស្ស៊ីគឺលោក Sergei Surovikin ខាងលើនេះ បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីបណ្តាប្រទេសក្នុងកិច្ចប្រជុំ G7 នៅប្រទេស ជប៉ុន បានបង្ហាញពីចេតនាចង់ដាក់ទណ្ឌកម្មបន្ថែមទៀតមកលើប្រទេសរុស្ស៊ី។
លោក Suronvikin បានថ្លែងដូច្នេះថា «គោលដៅសំខាន់ នៃការកសាងនេះ គឺដើម្បីឲ្យកងកម្លាំង របស់យើងប្រចាំតំបន់ប៉ាស៊ីហ្វិកអាចឈរជើងនៅទីនោះ។ កោះ Matua សព្វថ្ងៃនេះក៏មានព្រលាន យន្តហោះបីកន្លែងទៅហើយដែរ ដែលបន្សល់ទុកពីសង្គ្រាមលោកលើកទីពីរ។ រុស្ស៊ីនឹងកសាង មូលដ្ឋានយោធាទំនើប ព្រមទាំងបំពាក់សព្វាវុធថ្មីៗបន្ថែមទៀត នៅភាគខាងកើតប្រទេស»៕