(បន្ទាយមានជ័យ)៖ លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ ត្រូវបានប្រកាសតែងតាំងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករខេត្តបន្ទាយមានជ័យ អមដោយការតែងតាំងអនុប្រធាន៥រូបទៀត នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ ក្រោមវត្តមានលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា។
លោក សួន បវរ មានថ្លែងថា អាជ្ញាធរវិស្វកម្មជាតិដែលបានបង្កើតឡើងដោយ រាជរដ្ឋាភិបាល តាមនិន្នាការនយោបាយរបស់អាស៊ាន ដែលគណៈវិស្វករកម្ពុជាមានភារកិច្ចគ្រប់គ្រង និងធ្វើឲ្យប្រសើរឡើងនូវធនធានបញ្ញវន្តវិស្វកម្មជាតិ ឲ្យមានការអភិវឌ្ឍន៍សមត្ថភាពចំណេះដឹងតាមបែបវិទ្យាសាស្រ្តទំនើប និងបទពិសោធន៍បន្ថែមទៀត សមតាមកិច្ចព្រមព្រៀងទទួលស្គាល់គ្នាទៅវិញទៅមករវាងប្រទេសសមាជិកអាស៊ាន។ ក្នុងឱកាសនេះដែរ លោក លឹម សុថាវ អគ្គលេខាធិការគណៈវិស្វករកម្ពុជា បានលើកឡើងថា ក្រោយពេលទទួលភារកិច្ច មន្រ្តីទាំងអស់ត្រូវជម្រុញឲ្យការគ្រប់គ្រងប្រមូលធនធាន បញ្ញវន្តវិស្វករជាតិ និងវិស្វករបរទេសឲ្យចុះបញ្ជី នៅគណៈវិស្វករកម្ពុជា ឬនៅតាមក្រុមប្រឹក្សាគណៈវិស្វករ ខេត្តបន្ទាយមានជ័យ ដែលប្រកបវិជ្ជាជីវះវិស្វកម្មទាំងអស់នៅក្នុងខេត្ត ឲ្យបានស្របតាមច្បាប់នាពេលបច្ចុប្បន្ននិងទៅអនាគត និងត្រូវរឹតបណ្តឹងដល់វិស្វករបរទេស។
លោកបានបញ្ជាក់ថាបន្ថែមថា គណ:វិស្វករកម្ពុជាមានសមាជិក២២៣១នាក់ គោលបំណងចម្បង គឺដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឲ្យ បានល្អប្រសើរឡើង ចាប់ផ្តើមពីការប្រមូលធនធានបញ្ញាវ័ន្តវិស្វកម្មជាតិ សមត្ថភាពប្រតិបត្តិវិជ្ជាជីវះ និងការផ្តល់ឱកាសការងារដោយស្របច្បាប់ តាមនិន្នាការសង្គម សេដ្ឋកិច្ចសហស្សវត្សថ្មីអោយដំណើរវិវត្តន៍តាមមាគា នៃចរន្តសមាហរណកម្មសកលភាវូនីយកម្មអាស៊ាន៕