(កំពង់ធំ)៖ ស្ថានភាពអ្នកជាប់ពន្ធនាគារ នៅខេត្តកំពង់ធំ កំពុងប្រឈមបញ្ហាយ៉ាងខ្លាំងដោយសារតែមន្ទីរឃុំឃាំង មានលក្ខណៈតូចចង្អៀត ខណៈដែលអ្នកទោសមានការកើនឡើងជាបន្តបន្ទាប់។ សម្រាប់អ្នកទោសទាំងអស់ ដែលកំពុងជាប់ពន្ធនាគារ ក្នុងខេត្តកំពង់ធំ ត្រូវបានមន្រ្តីពន្ធនាគារបញ្ជាក់ថា មានចំនួនច្រើនជាងគេ គឺទោសទណ្ឌករណីបទល្មើសគ្រឿងញៀន។
នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អមដំណើរដោយលោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានចុះសួរសុខទុក្ខមន្ត្រីអនុរក្សពន្ធនាគារ និងពិនិត្យស្ថានភាពជាក់ស្តែងពន្ធនាគារខេត្ត។ លោក ភាន ឆវ័ន្ត ប្រធានពន្ធនាគារខេត្តកំពង់ធំ បានរាយការណ៍ថា មន្ត្រីពន្ធនាគារដែលកំពុងបម្រើការងារមានចំនួន៥៣រូប ក្នុងនោះស្រី៧រូប ខណៈដែលជនជាប់ឃុំមានចំនួន៥៥៥នាក់ ក្នុងនោះស្រី៣៩នាក់ មានអនីតិជន២២រូប។ លោកថា ជនជាប់ឃុំឃាំងទាំងនេះ បានជាប់ពាក់ព័ន្ធបទល្មើសជាច្រើន ក្នុងនោះជនជាប់ឃុំសំបូរជាងគេ គឺករណីគ្រឿងញៀន។ ដោយសារកំណើន នៃជនជាប់ឃុំមានការកើនឡើង ជាបន្តបន្ទាប់ធ្វើឲ្យមានភាពចង្អៀតណែនក្នុងការស្នាក់នៅ ប្រធានពន្ធនាគាររូបនេះ បានស្នើសុំជួយសាងសង់អាគារស្នាក់នៅ ដល់ជនជាប់ឃុំបន្ថែម ស្នើសុំមន្ត្រីក្របខ័ណ្ឌបន្ថែម និងស្នើសុំជួយធ្វើរបងព័ទ្ធជុំវិញបរិវេណពន្ធនាគារ ព្រោះរបងព័ទ្ធជុំវិញពន្ធនាគារមានតែមួយជាន់។ លោក ប៉ាវ ហមផាន បានកោតសសើរ និងវាយតម្លៃខ្ពស់ដល់ការដឹកនាំ គ្រប់គ្រងបានល្អ ទាំងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីអនុរក្ស ដែលមើលទៅគួរជាទីទុកចិត្ត ទាំងគុណភាព និងបរិមាណ។ លោកបានលើកឡើងដោយផ្តោតសំខាន់ ឲ្យមន្ត្រីអនុរក្សទាំងអស់ត្រូវគិត លើសោភ័ណ្ឌភាព សុខភាព អនាម័យ បរិស្ថាន ការបណ្តុះបណ្តាលជំនាញ និងការទទួលខុសត្រូវបានល្អទាំងគ្រប់ផ្នែកលើជនជាប់ឃុំឃាំង។
មន្ត្រីអនុរក្សទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ដោយពិនិត្យលើការកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការងារគ្រប់គ្រងពន្ធនាគារត្រូវផ្អែកលើច្បាប់មូលដ្ឋាន លើក្រមសីលធម៌ ត្រូវអនុវត្តបទបញ្ជាផ្ទៃក្នុង ត្រូវអនុវត្តការងារតាមនីតិវិធី ត្រូវធ្វើការងារជាមនុស្សធម៌ឲ្យបានល្អត្រឹមត្រូវតាមច្បាប់ ត្រូវរៀបចំដាក់អ្នកជាប់ឃុំដាក់ឲ្យដាច់ពីគ្នា ទៅតាមប្រភេទបទល្មើស ត្រូវរៀបចំផ្នែកខាងសុខាភិបាលឲ្យបានច្បាស់លាស់ មន្ត្រីទាំងអស់ត្រូវបង្កើសមត្ថភាពខ្លួនឯង ដើម្បីលើកស្ទួយអភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន មានភាពទទួលខុសត្រូវខ្ពស់ និងជម្រុញឲ្យមន្ត្រីជួយអប់រំដល់ជនជាប់ឃុំខិតខំអនុវត្ត សិក្សារៀនសូត្រនូវជំនាញព្រមទាំងលះបង់ចោលនូវគំនិតអាក្រក់ ធ្វើខ្លួនឲ្យក្លាយជាមនុស្សមានជំនាញពិតប្រាកដ៕