(ភ្នំពេញ)៖ ក្រុមហ៊ុន RMA Cambodia ជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈផ្គត់ផ្គង់គ្រឿងចក្រ ថាមពលអគ្គិសនី និងសេវាកម្មដឹកជញ្ជូន ដែលជាតម្រូវការចាំបាំសម្រាប់សាងសង់ និងស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធ ចាប់តាំងពីឆ្នាំ១៩៩២ ដោយរហូតមកដល់ពេលនេះ ក្រុមហ៊ុន RMA មានអាយុ២៤ឆ្នាំមកហើយ។
តាំងពីចាប់ផ្តើម បើកអាជីវកម្មក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន RMA មានអ្នកគ្រប់គ្រង និងអគ្គនាយកជាជនជាតិបរទេស ប៉ុន្តែនៅឆ្នាំ២០១៤ ក្រុមហ៊ុននេះ បានតែងតាំងជនជាតិខ្មែរ ឲ្យឡើងកាន់កាប់តំណែងជា អគ្គនាយកក្រុមហ៊ុន ជំនួសជនជាតិបរទេសវិញ ហើយអ្នកដែលឡើងកាន់តំណែងនេះ គឺ លោក ងន សាំង ដែលជាបុគ្គលិកធ្វើការចាប់តាំងពីខ្លួន នៅជាបុគ្គលិកហាត់ការ ផ្នែកគណនេយ្យ។
តើលោក ងន សាំង មានប្រវត្តិយ៉ាងដូចម្តេច ហើយទម្រំវិវត្តន៍ខ្លួនក្លាយជា អគ្គនាយកដូចសព្វថ្ងៃនេះ លោកខិតខំប្រឹងប្រែងបែបណា?
លោក ងន សាំង ជាកូនកសិករ រស់នៅក្នុងភូមិក្រាំងឡង ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ។ លោកមានបងប្អូន៦នាក់ ដែលសុទ្ធតែមានការជំរុញ ឲ្យបានសិក្សារៀនសូត្រ ពីលោកឪពុកអ្នកម្តាយរបស់លោក។
បន្ទាប់ពីប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រួចមក លោកបានចាកចេញពីគ្រួសារ ស្រុកកំណើតនៅខេត្តតាកែវ មកបន្តការសិក្សានៅទីក្រុងភ្នំពេញ ដោយលោកប្រឡងជាប់ សិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ច នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ នៅពេលដែលជិតបញ្ជប់ នៅមហាវិទ្យាល័យ លោកក៏ត្រូវបានប្រឡងជាប់អាហារូបករណ៍ ទៅសិក្សាថ្នាក់សញ្ញាប័ត្រអនុបណ្ឌិត ផ្នែកគ្រប់គ្រង អាជីវកម្ម ពីវិទ្យាស្ថានបច្ចេក វិទ្យាអាស៊ី (Asian Institute of Technology) ពីប្រទេសថៃ។
លោក ងន សាំង បានចូលបំរើការងារនៅក្រុមហ៊ុន RMA Cambodia ក្នុងឆ្នាំ១៩៩៦ ក្នុងនាមជាបុគ្គលិកហាត់ការ ផ្នែកគណនេយ្យ។
លោកបានប្រាប់អង្គភាព Fresh News អំពីការខិតខំប្រឹងប្រែងធ្វើការងាររបស់លោកថា «ខ្ញុំជាបុគ្គលិកគណនេយ្យ ប៉ុន្ដែខ្ញុំតែងតែយកចិត្តទុកដាក់ ចំពោះការងាររាល់ការងារដែលខ្ញុំធ្វើ។ ខ្ញុំតែងតែធ្វើការងារឲ្យរួចរាល់ ខ្ញុំអត់ចាំបាច់ឲ្យគេមកសួរខ្ញុំថា ធ្វើហើយនៅទេ។ នៅពេលដែលខ្ញុំធ្វើការងាររួចរាល់ហើយ នៅសល់ពេលខ្ញុំតែងតែ សួរអ្នកគ្រប់គ្រង់ថា តើខ្ញុំអាចជួយ ធ្វើអ្វីបាន មានអ្វីខ្លះសល់មិនទាន់ធ្វើ?។ និយាយទៅខ្ញុំតែងតែ ចង់បានការងារធ្វើច្រើន ហើយដោយសារជោគជ័យ ដែលយើងបានធ្វើនេះហើយ និងដោយសារតែលក្ខណៈសម្បត្តិ នៃការងាររបស់យើង ទើបខ្ញុំចេះតែត្រូវបានថ្នាក់ដឹកនាំ ដំឡើងតំណែងទៅរហូតដល់ខ្ញុំក្លាយ ទៅជានាយកផ្នែកហិរញ្ញវត្ថុ នៅក្នុងក្រុមហ៊ុន RMA»។
បន្ទាប់ពីទទួលបានឡើងតំណែង ជាបន្តបន្ទាប់មកនេះ និងទទួលបានការទុកចិត្ត ជាមួយការខិតខំប្រឹងប្រែងធ្វើការងារផងនោះ លោក ងន សាំង ត្រូវក្រុមហ៊ុនបញ្ជូនទៅសិក្សានៅអាមេរិក និងបានក្លាយជាជនជាតិខែ្មរទី១ ដែលបានទទួលការសិក្សាជំនាញគ្រប់គ្រងអាជីវកម្ម ពីសាកលវិទ្យាល័យ Harvard Business School General Management Program នៅអាមេរិក។
ពេលត្រឡប់មកពីសិក្សានៅអាមេរិកវិញ នៅចុងឆ្នាំ២០១៤ លោក ងន សាំង ត្រូវបានអគ្គនាយកនៃក្រុមហ៊ុន RMA Group លោក Kevin Whitcraft តែងតាំងជានាយកប្រតិបត្តិ (CEO) ជំនួសលោក រ៉ាមីសារ៉ាហ្វ។
ជាមួយគ្នានេះ លោក ងន សាំង ក៏បានចែករំលែកនូវសារ ដែលគន្លឹះសម្រាប់យុវជន យុវនារី ដែលចង់បានជោគជ័យការងារយ៉ាងដូច្នេះថា «ស្អីក៏ដោយសួរខ្លួនឯងសិន។ សួរថាអ្វីដែលយើងធ្វើនេះ យើងពេញចិត្តឬអត់? ប្រសិនបើយើងអត់ទាន់ពេញចិត្ត អ្នកដទៃគេអត់ពេញចិត្តទេ។ ប្រសិនយើងធ្វើ យើងសួរខ្លួនយើង ហើយយើងពេញចិត្តខ្លួនយើង គឺអ្នកដទៃគេពេញចិត្តហើយ យើងនឹងជោគជ័យ។ កត្តាជោគជ័យវាមានច្រើន តែគា្រន់ថា វាជាកត្តាសំខាន់បំផុត គឺកន្លែងនឹងឯង បើយើងធ្វើអីក៏ដោយសួរថា យើងពេញចិត្តអត់ យើងយល់ខ្លួនឯងអត់ យើងចេះគិតថា អាហ្នឹងយកជាការបានអត់ បើចម្លើយយើងឆ្លើយខ្លួនឯងថា បានៗ បានៗ គេក៏បានដែរ តែបើខ្លួនយើងអត់ យើងធ្វើមិនបាន ទៅសួរគេ គេក៏អត់ដូចយើងដែរ»។
សូមជម្រាបថា សព្វថ្ងៃក្រុមហ៊ុន RMA Cambodia បានពង្រីកសេវាកម្មរបស់ខ្លួន តាមរយៈផ្គត់ផ្គង់ផលិតផល និងសេវាកម្មល្បីៗលើពិភពលោក ដូចជារថយន្ត (Ford, Jaguar, Land Rover, Range Rover) គ្រឿងយន្តកសិកម្ម និងគ្រឿងចក្រ (John Deere, JCB, Mitsubishi Fuso) សម្ភារៈសម្រាប់ឃ្លាំង និងមានក្រុមហ៊ុន ៣ ជាបុត្រសម្ព័ន្ធ៖ ក្រុមហ៊ុន RMA Financial Services (សេវាហិរញ្ញប្បទាន) ក្រុមហ៊ុន ជួលរថយន្ត (AVIS) និងក្រុមហ៊ុនសេវាចំណីរអាហារ (EFG)។ ក្រុមហ៊ុនកំពុងផ្តល់ការងារដល់ប្រជាជនកម្ពុជាប្រមាណ ២០០០នាក់៕