(ភ្នំពេញ)៖ នៅលើ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គទី៤ នឹងឈប់ទទួលពាក្យនៅថ្ងៃទី ២៧ ឧសភា នៅម៉ោង ៦៖00 ល្ងាចនេះ បន្ទាប់ពីបានប្រកាសទទួលពាក្យចាប់ពីថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៦មក។
Facebook សម្តេចតេជោ បានឲ្យដឹងថា «នៅពេលល្ងាចនេះ វេលាម៉ោង ៧៖០០យប់ នឹងមានដាក់ឲ្យបោះឆ្នោតជាសាធារណៈ (VOTE) នៅលើគេហទំព័រសម្តេចតេជោ ហ៊ុន សែន (ចុច link ខាងក្រោម ដើម្បីបោះឆ្នោត ) http://samdechhunsen.gov.kh/khmer_youth_role_model/login.php ។ការបោះឆ្នោតគឺចាប់ពីថ្ងៃទី ២៧ យប់នេះ ដល់ថ្ងៃទី ២៩ ឧសភា ឆ្នាំ ២០១៦ ។ ដូច្នេះសូមប្រញាប់ចុះឈ្មោះ និងបញ្ជូនឯកសារប្រកួតប្រជែងអោយបានរួសរាន់»។
សូមជម្រាបថា កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» បានរៀបចំ៣វគ្គរួចមកហើយ ដោយមានយុវជន យុវនារីជាច្រើនរូបចូលរួម ប្រកួតប្រជែង។ ម្ចាស់ជ័យលាភីលេខ១ នៃកម្មវិធីនេះវគ្គទី១ បានទៅលើបេក្ខជន មកពីសាលាប៊ែលធី គឺលើប្រធានបទប្រភេទ Video អប់រំ «មិត្ត»។ ម្ចាស់ជ័យលាភីវគ្គទី២ បានទៅលើ កញ្ញា ហង្ស ម៉ារីនី ដែលបានផលិតវីដេអូ ស្តីពីការ «រៀបចំអាហារសប្បុរសធម៌ ជូនជនទីទាល់ក្រ» និង ម្ចាស់ជ័យលាភីវគ្គ៣ បានទៅលើបេក្ខជន ឃឹម ច័ន្ទសុវិរៈ ប្រធានបទកំណាព្យ «ទឹកចិត្តយុវជន»៕