(សឹង្ហបុរី)៖ តបតាមការអញ្ជើញរបស់ភាគីម្ចាស់ផ្ទះ និងក្នុងនាមជាតំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រដ្ឋលេខាធិការ ហែម វណ្ណឌី បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សាកម្រិតថ្នាក់ដឹកនាំស្តីពី «ការកំណត់ទិសដៅសម្រាប់ការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព» នៅក្នុងវេទិកាហេដ្ឋារចនាសម្ព័ន្ធអាស៊ីឆ្នាំ២០២២ ដែលបានប្រព្រឹត្តិទៅចាប់ ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។
វេទិកាឆ្នាំនេះ ត្រូវរៀបចំឡើងដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់រដ្ឋាភិបាល, ធនាគារអភិវឌ្ឍន៍ពហុភាគី, ស្ថាប័ន ហិរញ្ញវត្ថុ, និងវិស័យឯកជន ដូចជាក្រុមហ៊ុនពាណិជ្ជកម្ម និងក្រុមហ៊ុនប្រឹក្សាច្បាប់មកពីប្រទេស កម្ពុជាផងដែរ ដើម្បីពិភាក្សាលើតម្រូវការនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ប្រកបដោយចីរភាព, ការចែករំលែកបទពិសោធន៍នៃការអនុវត្តកន្លងមករបស់ប្រទេសសឹង្ហបុរី និងការលើកទឹកចិត្តវិស័យឯកជនឱ្យចូលរួមដោះស្រាយបញ្ហាប្រឈម។
វេទិកានេះក៏បាន៖ (១) ផ្សព្វផ្សាយពីការដាក់ឱ្យដំណើរការជាផ្លូវការនូវបញ្ជីគម្រោងវិនិយោគ (Project Portal) តាមរយៈគេហទំព័ររបស់ Infrastructure Asia ដើម្បីបង្ហាញអំពីព័ត៌មានគម្រោងកំពុងអនុវត្ត និងបញ្ជីគម្រោងដែលមានសក្តានុពលរបស់បណ្តាប្រទេសជាដៃគូជាមួយប្រទេសសឹង្ហបុរី និង (២) ផ្តល់ឱកាសឱ្យកម្ពុជាផ្សព្វផ្សាយនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការគាំទ្ររបស់រដ្ឋដល់ការអភិវឌ្ឍគម្រោង ហេដ្ឋារចនាសម្ព័ន្ធជាពិសេសគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex Center - PPLC) ជាមួយក្រុមហ៊ុនរបស់ប្រទេសសឹង្ហបុរី។
លោក ហែម វណ្ណឌី បានថ្លែងថា អតុល្យភាពរវាងធនធានហិរញ្ញវត្ថុ និងតម្រូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ទាំងសម្រាប់កម្ពុជា និងប្រទេសក្នុងតំបន់ ក្នុងដំណាក់កាលការងើបឡើងវិញនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍ជំងឺកូវីដ-១៩ គួរតែត្រូវបានគិតគូរឱ្យបានហ្មត់ចត់ ដោយ សា រការចំណាយវិនិយោគខ្ពស់ ហើយសម្ពាធនិងបន្ទុកថវិកា នឹងមិនជួយឱ្យសម្រេចបាននូវតុល្យភាពនេះទេ។
ដ្បិតថាបំណុលសាធារណៈរបស់កម្ពុជា ស្ថិតក្នុងស្ថានភាពល្អប្រសើរ, ប៉ុន្តែដើម្បីបន្តរក្សានូវវិន័យសារពើពន្ធ និងភាពប្រុងប្រយ័ត្នខ្ពស់ផ្នែកស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រាជរដ្ឋាភិបាលមានការថ្លឹងថ្លែង និងត្រូវធ្វើការជ្រើសរើសដ៏លំបាក រវាងការសម្រេចឱ្យបាននូវគោលដៅនិងអនុវត្ត គម្រោងនានាដែលបានផ្តួចផ្តើមឡើង ធៀបនឹងតម្រូវការធនធានហិរញ្ញប្បទានដ៏សម្បើម។
លោកក៏បានបញ្ជាក់ជូនអង្គវេទិកាថា ជាអភិក្រមនៃការបន្តដំណើរទៅមុខក្នុងបរិការណ៍ថ្មីនេះ «យើងត្រូវមានមហិច្ឆតា ប៉ុន្តែត្រូវសមស្របតាមមធ្យោបាយដែលមាន។ យើងត្រូវតម្រង់គោល ដៅ ដែលខ្ពស់ ប៉ុន្តែត្រូវប្រកបដោយភាពជាក់ស្តែងនិយម»។
នៅក្នុងកិច្ចពិភាក្សាដោយឡែកជាមួយក្រុមហ៊ុន YCH Group របស់ប្រទេសសឹង្ហបុរី និងក្រុមហ៊ុន PwC ឯកឧត្តមបានលើកឡើងអំពីសារៈសំខាន់ ក្នុងការដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ នៅក្នុងវិស័យឡូជីស្ទីក ដើម្បីធ្វើឱ្យកម្ពុជាកាន់តែមានការប្រកួតប្រជែង និងជំរុញការធ្វើពាណិជ្ជកម្ម។ ជាក់ស្តែង កម្ពុជាកំពុងរៀបចំគម្រោង Phnom Penh Logistics Complex (PPLC) ដ៏ទំនើបមួយ ជាមួយក្រុមហ៊ុន YCH Group ដោយមានការចូលរួមសហវិនិយោគពីវិនិយោគិនក្នុងស្រុករបស់កម្ពុជាផងដែរ។
គម្រោងនេះ នឹងក្លាយជាគម្រោងគំរូមួយ និងជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការរៀបចំមជ្ឈមណ្ឌលភស្តុភារកម្មស្រដៀងគ្នានេះនៅទូទាំងប្រទេស ហើយត្រូវបានរំពឹងថា នឹងជួយប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលឡូជីស្ទីក និងជាផ្នែកមួយនៃខ្សែច្រវ៉ាក់ផលិតកម្មដ៏សំខាន់ក្នុងអាស៊ាន និងតំបន់អាស៊ីទាំងមូល។
សូមជម្រាបផងដែរថា រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសក្រុមហ៊ុន YCH Group របស់ប្រទេសសឹង្ហបុរី ជាដៃគូឯកជនដើម្បីធ្វើការសិក្សា និងអភិវឌ្ឍសំណើគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PPLC) និងបានអនុញ្ញាតឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន ចុះកិច្ចព្រមព្រៀងក្របខណ្ឌ (Framework Agreement) ជាមួយក្រុមហ៊ុន YCH កាលពីខែមីនា ឆ្នាំ២០២១៕