(ភ្នំពេញ)៖ បញ្ហាតានតឹងនៅក្នុងតំបន់មួយចំនួន នឹងមានភាពចាំបាច់ដែលត្រូវជជែកគ្នានៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលកិច្ចប្រជុំនេះ ក៏នឹងមានវត្តមានរដ្ឋមន្រ្តីការបរទេសមហាអំណាចចិន រុស្ស៉ី និងអាមេរិកជាដើម។ នេះបើតាមការបញ្ជាក់របស់ លោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យផ្លូវការពាក់ព័ន្ធនឹងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។
អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានអះអាងបែបនេះ បន្ទាប់ពីអ្នកសារព័ត៌មាន បានចោទសួរអំពីលទ្ធភាពចម្រូងចម្រះ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅកម្ពុជា ដោយសារតែមានវត្តមានរដ្ឋមន្រ្តីការបរទេសចិន រុស្ស៉ី និងអាមេរិក ស្របពេលដែលបញ្ហាតំបន់ជាពិសេសតៃវ៉ាន់ និងសង្គ្រាមអ៊ុយក្រែន កំពុងជាប្រធានបទក្តៅសម្រាប់ពិភពលោក។
ថ្លែងក្នុងសន្និសីទកាសែត នៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក គង់ ភោគ បានសម្តែងនូវភាព សប្បាយរីករាយដែលដៃគូរបស់អាស៊ានជារដ្ឋមន្រ្តីការបរទេសនៃប្រទេសមហាអំណាច បានផ្តល់កិត្តិយសមកកាន់ប្រទេសកម្ពុជាលើកនេះ។
លោកបានបញ្ជាក់ដូច្នេះ៖ «នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ មិនមែនមានតែបញ្ហាសន្តិសុខមួយមុខនោះទេ គឺយើងមានបញ្ហាជាច្រើនទៀតដែលត្រូវដោះស្រាយ ហើយភាគីទាំងអស់ក៏ទទួលស្គាល់ការពិតមួយនេះដែរ គឺមានភាពចាំបាច់ ដែលត្រូវអង្គុយចុះជជែកគ្នា ស្វែងរកដំណោះស្រាយ ក៏ដូចជាពង្រីកការសហការដើម្បីដោះស្រាយបញ្ហាអស់នោះ»។
លោកបន្តថា «ថ្វីដ្បិតតែ ក្នុងពេលជាមួយគ្នាមានចំណុចខុសគ្នា គឺជារឿងមួយដែលពួកគាត់ត្រូវបន្តដោះស្រាយ ជជែក តាមរយៈការសន្ទនា ប៉ុន្តែក្នុងពេលជាមួយគ្នា ក៏យើងឃើញនៅក្នុងរបៀបវារៈ មានចំណុចជាច្រើនផ្សេងទៀត ដែលតម្រូវឱ្យមានការជជែកគ្នារវាងពួកគាត់ និងឱ្យមានការសហការរវាងពួកគាត់»។
លោកបានលើកឡើងអំពីជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាមេរិក និងរុស្ស៉ី និងជំនួបសន្ទានាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន និងអាមេរិកជាដើម ហើយទាញការវាយតម្លៃថា ចំណុចទាំងនេះ បញ្ជាក់ថា ទោះបីជាមានចំណុចខុសគ្នាក៏ដោយ ក៏នៅមានចំណុចមួយចំនួនទៀត ដែលពួកគាត់រួមគ្នាដោះស្រាយ ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ ការសម្រេចឱ្យបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០៣០ ឧទាហរណ៍ ដូចជាការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ១៩ និងការទប់ស្កាត់កុំឱ្យមានវិបត្តិសេដ្ឋកិច្ច។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ បាននិងកំពុងធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់។ មានរដ្ឋមន្រ្តីប្រទេសចំនួន៣៨ បានបញ្ជាក់អំពីវត្តមានរបស់ខ្លួន ប៉ុន្តែទោះជាយ៉ាងនេះក្តី ព័ត៌មានចុងក្រោយបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសហ្វីលីពីន ដែលជាសមាជិកអាស៊ាន មិនបានមកចូលរួមប្រជុំផ្ទាល់ឡើយ ដោយលោកបានឆ្លងជំងឺកូវីដ១៩ ប៉ុន្តែប្រទេសដែនកោះមួយនេះ បានចាត់តំណាងម្នាក់ដែលជាអនុរដ្ឋមន្រ្តីការបរទេស។ ចំណែកមីយ៉ាន់ម៉ា បានបោះបង់ឱកាស ដោយមិនបញ្ជូន ឥស្សរជនមិនមែនអ្នកនយោបាយ មកចូលរួមតាមការអញ្ជើញរបស់កម្ពុជាទេ។
កិច្ចប្រជុំថ្នាក់តំបន់ ដែលកម្ពុជាធ្វើជាប្រធានអាស៊ានជាលើកទី៣ ត្រូវបានរៀបចំឡើងខណៈដែលចិន និងអាមេរិក កំពុងមានភាពតានតឹងតាមរយៈដំណើរទស្សនកិច្ចរបស់ ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៉ី ផេឡូស៉ី (Nancy Pelosi) ទៅកាន់កោះតៃវ៉ាន់។
ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ប្រទេសទាំងអស់ដែលមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនៅកម្ពុជា នឹងយកឱកាសនេះប្រើប្រាស់ឱ្យអស់លទ្ធភាព ដើម្បីជជែកគ្នាស្វែងរកដំណោះស្រាយ។
លោកលើកឡើងថា «គាត់អាចលើកពីចំណុចដែលផ្ទុយគ្នា ប៉ុន្តែក្នុងពេលជាមួយគ្នាធ្វើយ៉ាងណារក្សា ភាពស្ថាបនារបស់វេទិកាទាំងអស់នេះ ហើយប្រើវាសម្រាប់ប្រយោជន៍រួមសម្រាប់តំបន់អាស៊ាន ក៏ដូចជាសម្រាប់ពិភពលោកទាំងមូលផងដែរ»៕