(សៀមរាប)៖ តំបន់ទេសចរណ៍ចុងឃ្នៀស គឺជាគោលដៅទេសចរណ៍ដ៏ចម្បងមួយនៅក្នុងខេត្តសៀមរាប ដែលជាច្រកទស្សនាមួយក្នុងចំណោមច្រកទាំង៤ សម្រាប់ឱ្យភ្ញៀវទេសចរធ្វើដំណើរទៅលេងបឹងទន្លេសាប សត្វស្លាប មច្ឆាជាតិ ព្រៃលិចទឹក ផ្ទះបណ្ដែតទឹកនិងជីវភាពរបស់ប្រជានេសាទ ព្រមទាំងទេសភាពបរិស្ថាននាបឹងដ៏ធំជាងគេនៅអាស៉ីអាគ្នេយ៍មួយនេះ។
តំបន់ទេសចរណ៍ចុងឃ្នៀសមានទីតាំងស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប ដោយធ្វើដំណើរចេញពីក្រុងសៀមរាបទៅទិសខាងត្បូងប្រមាណ២០គីឡូម៉ែត្រ ពោលគឺតាមបណ្ដោយដងស្ទឹងសៀមរាបឆ្ពោះទៅភ្នំក្រោម។ ក្រៅពីសហគមន៍ទេសចរណ៍ចុងឃ្នៀស ច្រកទៅទស្សនាបឹងទន្លេសាបក៏នៅមានសហគមន៍ទេសចរណ៍កំពង់ភ្លុក សហគមន៍ទេសចរណ៍បឹងពារាំង និងសហគមន៍ទេសចរណ៍កំពង់ឃ្លាំង។
បច្ចុប្បន្ននៅតំបន់ទេសចរណ៍ចុងឃ្នៀសនេះ ត្រូវបានរាជរដ្ឋាភិបាលចាត់ឱ្យបន្តអភិវឌ្ឍកំពង់ផែទេសចរណ៍ឱ្យស្របតាមស្តង់ដា និងត្រូវសិក្សារៀបចំប្លង់និងផែនការអភិវឌ្ឍន៍កំពង់ផែចុងឃ្នៀសសម្រាប់រយៈពេលខ្លី មធ្យម និងវែង។
ដើម្បីចូលរួមអនុវត្តតាមផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ នារសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយថ្នាក់ដឹកនាំក្រសួងទេសចរណ៍ អភិបាលរងខេត្តសៀមរាប ប្រធានមន្ទីរទេសចរណ៍ខេត្ត ប្រធានគ្រឹះស្ថានអង្គរ មន្ត្រីពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ បានចុះជួបសំណេះសំណាលជាមួយសមាគមនៅចុងឃ្នៀសនេះ ដើម្បីស្ដាប់នូវតម្រូវការនិងសំណូមរបស់ប្រជាជននៅតំបន់នោះ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន រួមជាមួយប្រជាជន សមាគម និងមន្ត្រីទទួលបន្ទុកបានលើកនូវបញ្ហានិងសំណូមពរមួយចំនួន និងបានណែនាំឱ្យមន្ត្រីពាក់ព័ន្ធលើកយកបញ្ហា តម្រូវការ និងសំណូមពររបស់ប្រជាជន ដើម្បីបើកកិច្ចប្រជុំពិភាក្សាបន្តដោះស្រាយជូនប្រជាជន។
លោករដ្ឋមន្ត្រី ថោង ខុន បានលើកទឹកចិត្តឱ្យអ្នកបើកកាណូតជូនភ្ញៀវ និងមន្ត្រីនៃគ្រឹះស្ថានអង្គរត្រូវបង្កើនការរៀបចំឱ្យមានភាពស្អាត អនាម័យ ទុកដាក់សំរាមឱ្យបានល្អ ពិសេសត្រូវមានបដិសណ្ឋារកិច្ចល្អជូនភ្ញៀវ រួមគ្នាកែលម្អនូវអ្វីដែលជាចំណុចខ្វះចន្លោះ។
ក្រៅពីនេះ លោករដ្ឋមន្ត្រីក៏បានជំរុញឱ្យបង្កើនការការពារសុវត្ថិភាពជូនភ្ញៀវទេសចររាល់ពេលធ្វើដំណើរទៅទស្សនា កុំឱ្យមានគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដាច់ខាតត្រូវគិតពីសុវត្ថិភាពជាចម្បង។
លោក អ៉ឹង គឹមលាង អភិបាលរងខេត្តសៀមរាប បានឱ្យដឹងបន្ថែមថា ក្នុងនាមអាជ្ញាធរដែនដី រដ្ឋបាលខេត្តសៀមរាបនឹងរៀបចំឱ្យមានកិច្ចប្រជុំជាបន្ទាន់ជាមួយតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមជាមួយតំណាងប្រជាពលរដ្ឋផងដែរ ដើម្បីពិភាក្សាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនៅតំបន់ទេសចរណ៍ចុងឃ្នៀសឱ្យស្របទៅតាមគោលនយោបាយជាតិ ដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្ត ក៏ដូចជាតំបន់ចុងឃ្នៀស បង្កើនភាពទាក់ទាញភ្ញៀវទេសចរឱ្យទៅលេងបឹងទន្លេសាប។
លោកអភិបាលរងខេត្តបានបន្តថា ខណៈដែលវិបត្តិកូវីដ១៩ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបានយ៉ាងល្អនេះ ការលើកស្ទួយវិស័យទេសចរណ៍គឺជាការងារដ៏សំខាន់ក្នុងជំរុញសេដ្ឋកិច្ចក្នុងខេត្តសៀមរាប និងជីវភាពរបស់ប្រជាជនក្នុងខេត្ត។
លោក អ៉ឹង គឹមលាង ក៏នឹងពិនិត្យការងារជាមួយក្រុមហ៊ុនប្រមូលសំរាមឡើងវិញ ដើម្បីបង្កើនការយកចិត្តទុកដាក់ក្នុងការប្រមូលសំរាមពីតំបន់ចុងឃ្នៀសនេះ រួមចំណែកធ្វើឱ្យមានភាពស្អាតក្នុងតំបន់ទេសចរណ៍នាបឹងទន្លេសាបមួយនេះ។
គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានផ្ដល់អនុសាសន៍ជំរុញឱ្យបង្កើនការទាក់ទាញទេសចរផ្ទៃក្នុង និងទេសចរមកពីប្រទេសជិតខាងនិងក្នុងតំបន់ ពីព្រោះក្នុងដំណាក់កាលកូវីដ១៩នេះមានតែភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរមកពីប្រទេសជិតខាងទេ ដែលមានលទ្ធភាពច្រើនក្នុងការមកទស្សនាកម្ពុជា នាំមកនូវប្រាក់ចំណូលខ្លះៗជូនប្រជាជនឡើងវិញ៕