(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃនិយ័តករមូលបត្រកម្ពុជា នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២នេះ បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦:៥០នាទីព្រឹក ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
លិខិតរបស់និយ័តករមូលបត្រកម្ពុជា មានខ្លឹមសារយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នា ពិតជាមានក្តីក្តុកក្តួលរន្ធត់ចិត្តឥតឧបមា ដោយទទួលបានដំណឹងថា លោកជំទាវ នាវ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃ កម្ពុជា បានទទួលមរណភាព នៅថ្ងៃចន្ទ ៤កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង៦:៥០នាទីព្រឹក ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ។
មរណភាពរបស់ លោកជំទាវ នាវ ច័ន្ទថាណា គឺជាការបាត់បង់នូវ ម្តាយ ម្តាយក្មេក និងជីដូន ជាទីគោរពស្រលាញ់បំផុត ប្រកបដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង និងបានបូជាលះបង់អស់កម្លាំងកាយ កម្លាំងចិត្ត និងប្រាជ្ញាស្មារតីក្នុងការរួមចំណែកអភិវឌ្ឍប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក។
ក្នុងឱកាសប្រកបដោយក្តីខ្សឹកខ្សួលរំជួលចិត្តជាអនេកនេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវក្តីក្រៀមក្រំយ៉ាងក្រៃលែង ពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខជូនចំពោះក្រុមគ្រួសារសព និងញាតិសាលោហិតទាំងអស់ដោយក្តីសង្វេគជាពន់ពេក។
ជាមួយសមានទុក្ខដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមឧទិ្ទសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ នាវ ច័ន្ទថាណា សូមបានចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»៕