(ក្រចេះ)៖ លោក សរ ចំរុង អភិបាលខេត្តក្រចេះ និងលោកឧត្តមសេនីយ៍ត្រី លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ បានធ្វើពិធីសំណេះសំណាល និងប្រគល់រថយន្ដពន្លត់អគ្គិភ័យ៥គ្រឿង ជូនទៅអធិការដ្ឋាននគរបាលស្រុកទាំង៥ (មួយស្រុក១គ្រឿង)​ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ។

លោកឧត្តមសេនីយ៍ត្រី លន់ សុផាត បានបញ្ជាក់ថា រថយន្តពន្លត់អគ្គិភ័យទាំង៥គ្រឿងនេះ គឺជាអំណោយរបស់ក្រសួងមហាផ្ទៃ ត្រូវផ្ដល់ជូនស្នងការដ្ឋាននគរបាលខេត្តក្រចេះ ដើម្បីបន្តផ្តល់ជូនស្រុកទាំង៥ក្នុងនោះមាន ស្រុកឆ្លូង ស្រុកស្នួល ស្រុកសំបូរ ស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី។

ក្នុងឱកាសនោះដែរ លោក សរ ចំរុង បានដាក់បញ្ជាយ៉ាងតឹងរឹងឱ្យ លោកស្នងការគ្រប់គ្រងលើ កម្លាំងអន្តរាគមន៍ និងកម្លាំងពន្លត់អគ្គភ័យ ធ្វើយ៉ាងណា ត្រូវមានកម្លាំងប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយអន្តរាគមន៍ បានទាន់ពេលក្នុងករណីមានអគ្គិភ័យកើតឡើងជាយថាហេតុណាមួយ ក្នុងភូមិសាស្ត្រនីមួយៗ។

លោកអភិបាលខេត្ត ជឿជាក់ថា រថយន្តទាំងនេះ ពិតជាបានជួយកាត់បន្ថយយ៉ាងច្រើន នូវទំហំនៃការខូចខាត និងភាពអន្តរាយ ដែលបង្កឡើងដោយករណីអគ្គិភ័យ។ ជាងនេះទៅទៀត លោកបានផ្តាំផ្ញើថា រថយន្តពន្លត់អគ្គិភ័យនេះ មិនត្រឹមតែយកទៅជួយកិច្ចការសង្រ្គោះបន្ទាន់ ដល់ពលរដ្ឋដែលជួបគ្រោះអគ្គិភ័យនោះទេ គឺអាចជួយសង្រ្គោះដល់ពលរដ្ឋ ដែលជួបគ្រោះរាំងស្ងួត និងបាតុភាពហានិភ័យផ្សេងទៀត ជូនទៅពួកគាត់ដែលចាំបាច់។

លោកក៏បានជម្រុញឲ្យលោកឧត្តមសេនីយ៍ស្នងការ បន្តការចុះរៀបចំសណ្តាប់ធ្នាប់ ឲ្យកាន់តែប្រសើឡើង ពិសេសទប់ស្កាត់ការប្រមូលផ្ដុំតវ៉ាផ្សេងៗ ដោយខុសច្បាប់ ដែលនាំឲ្យមូលដ្ឋានបណ្តាលឲ្យកើតភាពអនាធិប្បតេយ្យ។

ជាចុងក្រោយអភិបាលខេត្ត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងមហាផ្ទៃ ដែលបានផ្តល់រថយន្តពន្លត់អគ្គិភ័យ៥គ្រឿងនេះ សម្រាប់បំពេញតម្រូវការទាន់ពេលវេលា ជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន។ ជាមួយគ្នានេះ លោកបានផ្តល់ថវិកា២លានរៀល ក្នុងនោះកម្លាំងអន្តរាគមន៍ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងនៅស្នងការដ្ឋាន១លានរៀល និងកម្លាំងពន្លត់អគ្គិភ័យ១លានរៀល។

សូមបញ្ជាក់ថា កាលពីម្សិលមិញ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន១១៣គ្រឿង រថយន្តពន្លត់អគ្គិភ័យ ដែលទើបទិញពីប្រទេសចិនថ្មីៗ ជូនដល់បណ្តាស្នងការដ្ឋាននគរបាល តាមបណ្តាខេត្ត ដើម្បីយកទៅបម្រើដល់សកម្មភាពផ្សេងៗ ដូចជាគ្រោះអគ្គិភ័យ ការខ្វះខាតទឹកប្រើប្រាស់ជាដើម។

រថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿង ប្រភេទ ISUZU ម៉ាក FTR គុណភាព១០០% ផលិតនៅឆ្នាំ២០១៥ ត្រូវបានក្រសួងមហាផ្ទៃ បញ្ជាទិញពីក្រុមហ៊ុន ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ដែលមានទឹកប្រាក់ចំនួន ៣៩,៧២៥,៣៧៦,០០០រៀល (ជិត១០លានដុល្លារ)។ ការទិញបន្ថែមរថយន្តពន្លត់អគ្គិភ័យ១១៣គ្រឿងនេះ ដើម្បីពង្រឹងប្រតិបត្តិការពន្លត់អគ្គិភ័យ ដោយចែកចាយទៅតាមបណ្តាខេត្តចំនួន៩៩គ្រឿង និងរក្សាទុកនៅនាយករដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះនៃក្រសួងមហាផ្ទៃ។

មន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់បានអះអាងថា ការបញ្ជាទិញរថយន្តពន្លត់អគ្គិភ័យបន្ថែមនេះ ដើម្បីជួយអន្តរាគមន៍ពន្លត់អគ្គិភ័យ ឲ្យបានទាន់ពេលវេលា និងកាន់តែមានប្រសិទ្ធភាព ខ្ពស់ថែមទៀត៕