(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារមួយប្រទានពរដល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងឱកាសខួបចម្រើនជន្មាយុ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២នេះ។

នៅក្នុងព្រះរាជសារនេះ ព្រះមហាក្សត្រមានព្រះបន្ទូលថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុរបស់ សម្តេចអគ្គមហាសេនាបតីតេជោ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ខ្ញុំមានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូម សម្តេចអគ្គមហាសេនាបតីតេជោ ទទួលបាននូវមហាជោគជ័យថ្មីៗ ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីជាឧត្តមប្រយោជន៍ជូនប្រជាជាតិ និងប្រជារាស្ត កម្ពុជា»

ព្រះមហាក្សត្រ ទ្រង់បានកោតសរសើរដ៏ខ្ពង់ខ្ពស់ចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលមានវីរភាពដ៏ឧត្តុង្គឧត្តម មានគុណបំណាច់ដ៏ថ្លៃថ្លា ក្នុងភារកិច្ចជាអគ្គមគ្គុទ្ទេសក៍ដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិត ធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ ទទួលបាននូវភាពល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។

ក្នុងព្រះរាជសារបានគូសបញ្ជាក់ទៀតថា៖ «ប្រជារាស្ត្រកម្ពុជា ក៏ដូចជាខ្ញុំ មានការពេញហឫទ័យណាស់ ចំពោះវឌ្ឍនភាពឥតឈប់ឈរ ទាំងយប់ ទាំងថ្ងៃ ក្រោមការដឹកនាំប្រកបដោយទេពកោសល្យរបស់ សម្តេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

ក្នុងឱកាសដ៏ល្អប្រពៃនៃខួបចម្រើនជន្មាយុដ៏ឧត្តុង្គឧត្តមនេះ ព្រះមហាក្សត្រ ទ្រង់បានប្រសិទ្ធពរ ជូនសម្ដេច អគ្គមហាសេនាបតីតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបគ នឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ខាងក្រោមនេះជាព្រះរាជសាររបស់ព្រះមហាក្សត្រ៖