(ភ្នំពេញ)៖ មន្ទីរពេទ្យបង្អែកខេត្តតាកែវ បានចេញសេចក្តីបំភ្លឺ ក្រោយត្រូវបានពលរដ្ឋម្នាក់ចោទប្រកាន់ថា មន្ទីរពេទ្យនេះ បានវះកាត់ប្រពន្ធរបស់គាត់ ដែលនៅរស់ធ្វើឲ្យបាត់បង់ជីវិត។
សេចក្តីបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្មីៗនេះមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានទទួលព័ត៌មាន Account Facebook ឈ្មោះ Veasna Singie ដែលបានសរសេរនៅក្នុងបណ្តាញសង្គម នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដែលបានលើកឡើងថា «មន្ទីរពេទ្យបង្អែកខេត្តតាកែវនេះហើយ ដែលវះកាត់ប្រពន្ធខ្ញុំនៅរស់ឲ្យបាត់បង់ជីវិតបាត់ ហើយប្រពន្ធដើរបានធម្មតា និយាយហូបបាយបានធម្មតាទេ ដល់ពេលយកទៅវះកាត់ហើយក៏បាត់បង់ជីវិតទៅ ហើយដាក់ខ្យល់អុកស៉ីហ្សែនបញ្ជួន ហើយក៏យកទៅពេទ្យលោកសង្ឃ ហើយពេទ្យលោកសង្ឃថា ប្រពន្ធបងផុតដង្ហើមមួយម៉ោងហើយ តែគេដាក់ខ្យល់អុកស៉ីហ្សែនយកបញ្ជួនឲ្យមានដង្ហើម ដើម្បីយកចេញពីពេទ្យនោះ អ៉ីចឹងមានន័យថា ប្រពន្ធខ្ញុំបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវតែម្តង ពេទ្យនេះវះកាត់មនុស្សស្លាប់ ផ្សាយព័ត៌មានមួយ មនុស្សពីរនាក់ហើយក្នុងមួយខែនេះ»។
សេចក្តីបំភ្លឺបន្តថា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ៩៖០០នាទី មានអ្នកជំងឺឈ្មោះ ប៊ុន ស្រីកែវ ភេទស្រី អាយុ ២៤ឆ្នាំ នៅភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានចូលមកសម្រាកពេទ្យ ដោយមូលហេតុ ឈឺស្មា និងលើកដៃខាងស្តាំឈឺ និងកម្រើកមិនរួច ដោយគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីបានពិនិត្យ និងធ្វើការថតដោយកាំរស្មីអ៉ិច និងក្រោយពីបានពិនិត្យហ្វីលរួចមក ឃើញមានស្នាមបាក់ឆ្អឹងដងកាំបិតខាងស្តាំ។ ពេលនោះគ្រូពេទ្យនៅផ្នែកពិគ្រោះជំងឺក្រៅ បានព្យាបាលបឋមដោយបិតបង់ស្អិតនៅត្រង់កន្លែងបាក់ និងព្យួរដៃអបនឹងដងខ្លួន ដើម្បីកាត់បន្ថយការឈឺចាប់ និងទប់លំនឹងឆ្អឹងផង និងដាក់ឲ្យសម្រាកពេទ្យនៅផ្នែកវះកាត់ ដើម្បីរង់ចាំធ្វើការវះកាត់ភ្ជាប់ដំណរឆ្អឹងបាក់ដោយបាញ់ដែក (Broche)។
នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ អ្នកជំងឺត្រូវបានបញ្ជូនទៅធ្វើការវះកាត់ភ្ជាប់ដំណរឆ្អឹងបាក់ដោយបាញ់ដែក (Broche) ដោយដាក់ថ្នាំសណ្តំទូទៅ មិនស៊កទុយោជំនួសដង្ហើម (Anesthésie Générale Sans Intubation) ។ នៅពេលកំពុងវះកាត់អ្នកជំងឺក៏ឈប់ដកដង្ហើម ក្រុមគ្រូពេទ្យថ្នាំសណ្តំ ក៏សម្រេចដាក់ទុយោចូលផ្លូវដង្ហើម ដើម្បីជំនួយដង្ហើម តែដោយសារផ្លូវដង្ហើមកន្ត្រាក់ (Spasme) ស៊កទុយោមិនបាន ធ្វើឲ្យពន្យាពេលនៃការបញ្ចូលអុកស៉ីហ្សែន ទៅចិញ្ចឹមសរីរាង្គ ក្រោយមកក៏មានការគាំងបេះដូង។ ពេលនោះគ្រូពេទ្យធ្វើចលនាបេះដូង និងផ្ដល់ថ្នាំជំនួសបេះដូង បន្ទាប់មកបេះដូង និងដង្ហើមក៏ចាប់ផ្តើមដំណើរការឡើងវិញ។ រយៈពេល ៤០នាទីក្រោយមក អ្នកជំងឺដឹងខ្លួនទាំងស្រុង និងបានសន្ទនាជាមួយឪពុករបស់គាត់ ។
ប៉ុន្តែរយៈពេល ២ម៉ោងក្រោយមក បានលិចចេញរោគសញ្ញានៃការហើមសួត និងតំរងនោមលែងដំណើរការ។ នៅពេលនោះក្រុមគ្រូពេទ្យសម្រេចចិត្តដាក់ទុយោជំនួយដង្ហើម និងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដោយមានគ្រូពេទ្យថ្នាំសណ្តំទៅជាមួយ។ ហើយគ្រូពេទ្យលោកសង្ឃក៏បានទទួលអ្នកជំងឺដើម្បីព្យាបាលបន្ត។
សូមជម្រាបថា បច្ចុប្បន្ន មន្ទីរពេទ្យបង្អែកខេត្តតាកែវ មានសកម្មភាពវះកាត់ធំជាមធ្យមប្រមាណ២៨០ ទៅ៣០០ករណីក្នុងមួយខែ៕
ខាងក្រោមនេះជាសេចក្តីបំភ្លឺ៖