(ភ្នំពេញ)៖ លោក ប៊ិន ប៊ុនឆាត នាយកខុទ្ទកាល័យ ព្រមទាំងថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ សមាជិក នៃខុទ្ទកាល័យកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រកាសគាំទ្រពេញទំហឹងចំពោះការធ្វើវិសោធនកម្មលើកទី១០នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។
តាមរយៈញត្តិគាំទ្រ ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ សមាជិក នៃខុទ្ទកាល័យកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន បានបង្ហាញការយល់ឃើញថា ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាលើកទី១០នេះ ត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ស្របតាមគោលការណ៍និងនីតិវិធីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ មិនប៉ះពាល់ដល់គោលការណ៍គ្រឹះនៃប្រព័ន្ធប្រជាធិបតេយ្យ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ និងរបបសភានិយមនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងញត្តិបានគូសបញ្ជាក់ទៀតថា ការធ្វើវិសោធនកម្មនេះ គឺដើម្បីធានានូវនិរន្តរភាពចំពោះដំណើរការប្រព្រឹត្តទៅជាប្រក្រតី និងដោយរលូនរបស់ស្ថាប័នជាតិ សំដៅធានាការពារ និងថែរក្សាសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពនយោបាយរបស់ប្រទេសជាតិ ដែលជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។
ថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ សមាជិក នៃខុទ្ទកាល័យកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន អំពាវនាវដល់គ្រប់ស្ថាប័នជាតិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ មេត្តាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធានារក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍយូរអង្វែងជានិច្ចនិរន្តរ៍តទៅ៕