(ភ្នំពេញ)៖ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃអូសបន្លាយអស់ជាច្រើនឆ្នាំរវាងប្រជាពលរដ្ឋ និងអ្នកមានលុយ មានឥទ្ធិពលចំនួនពីរកន្លែងក្នុងរាជធានីភ្នំពេញ ត្រូវបានដោះស្រាយបញ្ចប់ហើយ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦នេះ ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានសម្រេចកាត់ឆ្កៀលដីមានជម្លោះទាំងអស់នោះ ជូនប្រជាពលរដ្ឋ។
ដីមានជម្លោះទាំងពីរកន្លែងនេះ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និង មួយកន្លែងទៀត ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ បន្ទាប់ពីការដោះស្រាយបញ្ចប់ជម្លោះ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៧ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ ជាមួយនិងអាជ្ញាធរដែន បានចុះទៅបោះបង្គោលកំណត់ព្រំដីជូនប្រជាពលរដ្ឋ និង បានផ្ដល់ប័ណ្ណកម្មសិទ្ធិ ដីធ្លីជូនពួកគេផងដែរ។
មន្រ្តីមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានប្រាប់ Fresh News ថា ជម្លោះដីនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន បានកើតមានរយៈពេល ៣ឆ្នាំមកហើយ រវាងប្រជាពលរដ្ឋ ០៣គ្រួសារ ជាមួយឧកញ៉ាមានឥទ្ធិពលមួយរូបនៅកម្ពុជា។ ដោយឡែកដីស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានកើតមានអស់រយៈពេលជាង ១០ឆ្នាំមកហើយរវាងប្រជាពលរដ្ឋ ២១គ្រួសារ ជាមួយកូនរបស់អតីតមន្រ្តីជាន់ខ្ពស់សាលារាជធានីភ្នំពេញ។
ប្រជាពលរដ្ឋមានជម្លោះ បានស្វែងរកអន្តរាគមន៍អស់ជាច្រើនឆ្នាំមកហើយ តែគ្មានដំណោះស្រាយ ដោយសារតែភាគីជម្លោះសុទ្ធតែជាអ្នកមានលុយ និងមានឥទ្ធិពល។ តែទោះជាយ៉ាងជម្លោះទាំងអស់នេះ ត្រូវបានបំបែកក្រោយលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា ឡើងកាន់តំណែងជារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីខែកន្លងទៅនេះ។ ក្រោយឡើងកាន់តំណែង លោក ជា សុផារ៉ា បានដាក់ចេញកណ្តាប់ដៃដែក និងវិធានការក្តៅដោះស្រាយបញ្ចប់រាល់បញ្ហាវិវាទដីធ្លីរវាងប្រជាពលរដ្ឋ និង អ្នកមានឥទ្ធិផល។ លោកទេសរដ្ឋមន្រ្តី ក៏បានប្រកាសដាក់ឈ្មោះក្រុមអ្នកមានទាំងឡាយណា ដែលសម្បូរវិវាទដីធ្លីជាមួយប្រជាពលរដ្ឋ ដាក់ក្នុងបញ្ជីខ្មៅថែមទៀតផង។
ប្រជាពលរដ្ឋ ដែលធ្លាប់គ្របដណ្តប់ ដោយភាពខ្មៅងងឹតក្នុងជម្លោះដីធ្លីនេះ បានសម្តែងការសប្បាយរីករាយខ្លាំង ក្រោយទទួលបានពន្លឺយុត្តិធម៌ឡើងវិញ។ ប្រជាពលរដ្ឋរងគ្រោះដោយការរំលោភបំពានពីអ្នកមានលុយ បានគោរពថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានចាត់មន្ត្រីជំនាញពាក់ព័ន្ធជួយដោះស្រាយ និង កាត់ដីពីអ្នកមានលុយជូនពួកគាត់វិញ៕