(កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធក្រោមឱវាទ ចូលរួមគោរពវិញ្ញាណក្ខន្ធ សពលោក អ៊ួង ត្រេង មេឃុំត្រមែង ស្រុកឈូក ដែលបានទទួលមរណភាព នៅវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ ៧៧ឆ្នាំ នៅគេហដ្ឋានរបស់លោកមេឃុំ ស្ថិតក្នុងភូមិត្រមែង ឃុំត្រមែង ស្រុកឈូក ខេត្តកំពត។
ក្នុងឱកាសនោះ លោក ម៉ៅ ធនិន និងថ្នាក់ដឹកនាំទាំងអស់ បានចូលរួមសំដែងនូវសាមាណទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងបានសំដែងការសោកស្ដាយចំពោះការបាត់បង់ លោក អ៊ួង ត្រេង មេឃុំត្រមែង ដែលត្រូវជាស្វាមី ជីតា ឪពុក ឪពុកក្មេក។
លោកចាត់ទុកថា ការបាត់បង់នេះទៀតសោត គឺជាការបាត់បង់យ៉ាងធំធេងនូវសហការីដ៏ល្អមួយ ដែលធ្លាប់បានតស៊ូ លះបង់កំលាំងកាយចិត្ត ក្នុងការងារបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងវិញទៀត ជាការបាត់បង់ស្វាមីនិងឪពុក ប្រកបដោយពហ្មវិហារធម៌ជាទីស្រលាញ់ស្មើជីវិត ដែលបានចិញ្ចឹមបីបាច់ថែរក្សា និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់គ្រួសារ ព្រមទាំងអប់រំណែនាំ ផ្ដល់ដំបូន្មានល្អៗ ធ្វើឲ្យកូនចៅក្លាយជាពលរដ្ឋល្អក្នុងសង្គម។
លោកបណ្ឌិតអភិបាលខេត្ត ក៏បានឧបត្ថម្ភ នូវអង្ករ ១០០គីឡូក្រាម, ទឹកក្រូច ១០កេស, មី១០កេស, ទឹកសុទ្ធ ១០កេស និងថវិកា ២លានរៀល ដើម្បីចូលរួមក្នុងការរៀបចំពិធីបុណ្យសពខាងលើ៕